តាមចៅក្រមហូឡង់ សវនាការលើសោកនាដកម្មបាញ់ទម្លាក់យន្ដហោះ MH17 ឈានចូលក្នុងដំណាក់កាលដ៏សំខាន់

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថាចៅក្រមនៅក្នុងប្រទេសហូឡង់បាននិយាយថាពួកគេចង់ឱ្យក្រុម គ្រួសារសាច់ញ្ញាតិ ជនរងគ្រោះទាំងអស់បានយល់ និងដឹងឱ្យច្បាស់ពីការបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅក្នុងដែនអាកាសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ខណៈសវនាការកំបាំងមុខលើ ជនសង្ស័យ៤នាក់បានឈានចូលដំណាក់កាលមួយដ៏សំខាន់។

បើតាមលោក Hendrik Steenhuis ប្រធានចៅក្រមហូឡង់ សវនាការបានចាប់ផ្ដើមដំបូងកាល ពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ ឱ្យច្បាស់ ឬភស្ដុតាងជាក់ លាក់ណាមួយជុំវិញសោកនាដកម្មនៃយន្ដហោះ MH17 ដែលត្រូវបានគេបាញ់ទម្លាក់ដោយផ្ដាច់ជីវិត អ្នកដំណើរ និងក្រុមអាកាសយានិក នៅលើនោះទាំង ២៩៨នាក់នោះទេ។

លោក Steenhuis បន្ថែមទៀតថា សវនាការកំបាំងមុខលើជនសង្ស័យជាពលរដ្ឋរុស្ស៊ីឈ្មោះ Oleg Pulatov, Igor Girkin, Sergei Dubinsky និងពលរដ្ឋអ៊ុយក្រែនម្នាក់ ឈ្មោះ Leonid Kharchenko បានឈានដល់ដំណាក់កាលមួយដ៏សំខាន់។

ដ្បិតតែតុលាការនឹងស្វែងរកភស្ដុតាងបន្ថែមដើម្បីដោះស្រាយចម្ងល់ចំនួន៣ ក្នុងនោះរួមមាន ថាតើ យន្ដហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលផលិតដោយរុស្ស៊ីឬក៏យ៉ាងណា? ទីតាំងដែលមីស៊ីលត្រូវបានបាញ់ចេញ និងតួនាទីជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធនឹងសោកនាដ កម្មដ MH17៕