នៅខែក្រោយនេះ លោកបេហ្សូស ម្ចាស់ក្រុមហ៊ុន Amazon នឹងឡើងទៅទីអវកាស

លោក ជេហ្វ បេហ្សូស ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃចន្ទទី៧មិថុនាម្សិលម៉ិញនេះថា លោកនឹងហោះហើរទៅកាន់ទីអវកាសនៅខែក្រោយលើជើងហោះហើរមានមនុស្សដំបូងបំផុត ដែលដំណើរការដោយក្រុមហ៊ុនរ៉ុក្កែត Blue Origin របស់លោកផ្ទាល់។លោកបេហ្សូសបាននិយាយនៅលើគណនី Instagram របស់គាត់ថា “តាំងពីខ្ញុំមានអាយុ ៥ ឆ្នាំ ខ្ញុំសុបិនចង់ធ្វើដំណើរទៅទីអវកាស។

នៅថ្ងៃទី ២០ ខែកក្កដាខ្ញុំនឹងធ្វើដំណើរជាមួយបងប្រុសរបស់ខ្ញុំ”។ក្រុមហ៊ុន Blue Originបាននិយាយថា លោកបេហ្សូសនិងបងប្រុសរបស់គាត់ឈ្មោះម៉ាកនឹងធ្វើដំណើរតាមជើងហោះហើរដំបូងរបស់យាន New Shepard របស់ក្រុមហ៊ុន។

ក្រុមហ៊ុនកំពុងដាក់ដេញថ្លៃកៅអី ទីបី ហើយការដេញថ្លៃនេះឥឡូវមានតម្លៃ ២,៨ លានដុល្លាររួចទៅហើយ ដោយមានអ្នកចូលរួមជិត ៦.០០០ នាក់មកពី ១៤៣ ប្រទេស។ដំណើរនេះនឹងមានរយៈពេលសរុប ១០ នាទី ដោយអ្នកដំណើរទាំងបួននាក់នៅលើនោះនឹងចំណាយពេលនៅលើខ្សែបន្ទាត់កាម៉ាន់ ដែលកំណត់ព្រំដែនរវាងបរិយាកាសផែនដីនិងទីអវកាស៕