ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ឲ្យ ដឹងនៅថ្ងៃទី០៧ ខែមិថុនាថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៉ីម៉ាក់ (CMAC) និង APOPO ដែលជាអង្គការ មិនមែនរដ្ឋាភិបាលប៊ែលហ្ស៉ិក បាននិងកំពុងប្រើប្រាស់កណ្តុរ ៥៧ ក្បាល ដើម្បីបម្រើ ឲ្យប្រតិបត្តិការ បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។
ឯកឧត្តម ថា «បច្ចុប្បន្ននេះ អង្គភាពស៉ីម៉ាក់ និង APOPO សហការប្រើប្រាស់កណ្តុរចំនួន ៥៧ក្បាល សម្រាប់ បម្រើប្រតិបត្តិការបោសសម្អាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ក្បាល ដាក់ចូលនិវត្តន៍ ចំនួន ៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន ១៨ក្បាល»។
ក្រៅពីកណ្តុរហិតមីនហើយនោះ ស៉ីម៉ាក់ក៏បានប្រើប្រាស់ សុនខ សម្រាប់ប្រតិបត្តិការបោសម្អាតមីន ផងដែរ ហើយសុនខ ហិតមីនរបស់កម្ពុជា ក៏បានចេញទៅប្រតិបតិ្តការ នៅក្រៅប្រទេសទៀតផង។
ឯកឧត្តម បន្តថា សុនខដែលបានបញ្ជូនពីអង្គភាពស៉ីម៉ាក់ ទៅបម្រើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាង អង្គការ APOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៉ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត។
ប្រធានអង្គការ APOPO លោក Michael Heiman ប្រចាំកម្ពុជា បានបញ្ជាក់ពីលទ្ធភាព ទទួល ជំនួយពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពស៉ីម៉ាក់ ក្នុងរយ:ពេល ៥ឆ្នាំ (២០២២-២០២៦) ហើយគោលដៅសំខាន់របស់គំរោង ត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។
កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេស នោះបានដាក់ឱ្យចូលនិវត្តន៍ ដោយ បញ្ហាអាយុ និងសុខភាព ហើយ Magawa រក្សាទុកឱ្យសម្រាកនៅទីតាំងស៉ីម៉ាក់ ខេត្តសៀមរាប។ កណ្តុរថ្មីបានធ្វើតេស្តជាប់ និងអាចចូលជំនួសបានហើយ។
ឯកឧត្តម ហេង រតនា ក៏ធ្លាប់បានបញ្ជាក់ថា ស៉ីម៉ាក់ បាននាំមុខគេក្នុងពិភពលោក ក្នុងការប្រើប្រាស់ សត្វកណ្តុរ និងសត្វសុនខហិតមីន ដោយក្នុងនោះអង្គភាពបានសហការយ៉ាងជិតសិ្នទ្ធជាមួយដៃគូជា អង្គភាពដោះមីនអន្តរជាតិ រួមមានអង្គការ APOPO និងអង្គការ NPA មកពីប្រទេសន័រវេស្ស៕