យ៉ាងហោចណាស់មានមនុស្ស ចំនួន១៦០ នាក់ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសបួគីណាហ្វាសូ

ពួកមន្ត្រីក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យទី៦មិថុនាថា ជនសង្ស័យជាពួកជីហាដមួយក្រុមបានសម្លាប់រង្គាលជនស៊ីវិលយ៉ាងតិច ១៦០ នាក់ក្នុងនោះក៏មានកុមារប្រហែលជា ២០ នាក់ផងដែរនៅក្នុងភូមិមួយនៅតំបន់ភាគខាងជើងរបស់ប្រទេសបួគីណាហ្វាសូ ដែលជាការវាយប្រហារមួយដ៏ប្រល័យបំផុត ចាប់តាំងពីអំពើហិង្សាជ្រុលនិយមអ៊ីស្លាមបានផ្ទុះឡើងនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះក្នុងឆ្នាំ២០១៥កន្លងទៅ។

ការសម្លាប់រង្គាលកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍បានកើតឡើងបន្ទាប់ពីការសម្លាប់មនុស្ស ១៤នាក់កាលពីយប់ថ្ងៃសុក្រនៅក្នុងភូមិថាដាយ៉ាតក្នុងតំបន់ដដែលដែលក្រុមជីហាដដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងក្រុមរដ្ឋអ៊ីស្លាមបាននិងកំពុងវាយប្រហារលើជនស៊ីវិលនិងទាហាន។ ប្រភពក្នុងតំបន់បាននិយាយថា ពួកគេបានរកឃើញសាកសពសរុប ១៦០ នាក់ពីផ្នូរធំៗចំនួនបី នៅតំបន់សូលហាន ក្បែរព្រំប្រទល់ប្រទេសម៉ាលី និងប្រទេសនីហ្សេរីយ៉ា ។

នៅក្នុងតំបន់សូលហាន មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា “ស្ថានភាពនៅតែងាយផ្ទុះហិង្សា…ទោះបីមានការប្រកាសពីប្រតិបត្តិការយោធាក៏ដោយ”ដោយបន្ថែមថាប្រជាជនកំពុងភៀសខ្លួនទៅកាន់ទីប្រជុំជនសេបបានិងដូរី នៅក្បែរនោះ។ លោកបាននិយាយថា “មនុស្សជាច្រើនបានបាត់បង់អ្វីៗទាំងអស់បន្ទាប់ពីផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានដុតបំផ្លាញ”៕