តាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថាមន្ត្រីជាន់ខ្ពស់សុខាភិបាលចិនម្នាក់បាននិយាយថាចិនបានចែកចាយវ៉ាក់សាំង COVID-19 ច្រើនជាង ៣៥០លានដូសទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញ ពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅ ប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
អនុប្រធានគណៈកម្មការសុខាភិបាលជាតិចិន លោក Zeng Yixin បានធ្វើការកត់សម្គាល់ខាងលើ នេះ នៅក្នុងសនិ្នសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនរូបនេះផងដែរ បានគូសបញ្ជាក់ដូច្នេះថា៖ «អាទិភាពទី១ ក្នុងការ ប្រយុទ្ធប្រឆាំង COVID-19 ជាសកល នោះគឺការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែល ផ្អែកលើការបង្កើនការផលិត និងលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព»។
គួរបញ្ជាក់ថា បើតាមអនុប្រធានគណៈកម្មការសុខាភិបាលជាតិចិន លោក Zeng Yixin ការអនុម័ត ដោយអង្គការសុខភាពពិភពលោក WHO ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុម ហ៊ុនចិនទាំង២ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នឹងកាន់តែជួយសម្រួលដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកល និងការប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសហាវនេះ៕