នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ ថា សេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង២០ អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសទាំងអស់ ក្រោមហេតុផលកូវីដ១៩ គឺមិនសមស្រប ហើយខុសនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងមានចរិតជានយោបាយផងដែរ។
យោងតាមការអះអាងបែបនេះរបស់មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងក្រោយពេលក្រុម អង្គការសង្គមស៊ីវិលចំនួន២០ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បានចេញសេច ក្តីថ្លែងការណ៍រួមមួយ ដោយស្នើសុំតុលាការ និងរាជរដ្ឋាភិបាល ពិចារណាដោះលែងអ្នកទោស មនសិការទាំងអស់ ក្រោមហេតុផលវិបត្តិកូវីដ១៩ ដែលកំពុងឆ្លងរាលដាលចូលទៅក្នុងសហគមន៍ ពន្ធនាគារកម្ពុជា។
ឯកឧត្តម ជិន ម៉ាលីន បានលើកឡើងនូវមូលហេតុចំនួន៥ ដូចខាងក្រោម៖
*ទី១៖ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃការបែងចែកអំណាចក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមិនមានអំណាចដោះលែងអ្នកជាប់ឃុំ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏គ្មានបុគ្គល ឬស្ថាប័នណាអាចបង្គាប់បញ្ជាតុលាការដែលជាស្ថាប័នឯករាជ្យបាននោះដែរ។
*ទី២៖ នៅកម្ពុជា មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការដូចការលើកឡើង របស់ អង្គការទាំង២០នេះទេគឺមានតែអ្នកនយោបាយដែលមានទោសដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ នៅកម្ពុជា ការបញ្ចេញមតិដោយសន្តិវិធី គឺជាសិទ្ធិ មិនមែនជាបទល្មើសនោះទេ តែ ផ្ទុយទៅវិញ ការបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ សន្តិសុខជាតិ និងសណ្តាប់ ធ្នាប់ សាធារណៈ ជាដើម។ល។ គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិនោះទេ ចំណែកឯអ្នកដែល ប្រព្រឹត្តអំពើល្មើសទាំងនេះ ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ និងមិនត្រូវបានចាត់ទុកជាអ្នក ទោសមនសិការ ដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ។
*ទី៣៖ ការអំពាវនាវឱ្យដោះលែងអ្នកទោស របស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយ ភាពចង្អៀត ណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាន និងនីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិ ធានការសមស្របនោះទេ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។ មានតែការដោះលែងដោយផ្អែកតាមនីតិវិធីច្បាប់ដែលមានជាធរមានទេ ហើយដែលបានអនុវត្តជា ហូរហែនាពេលកន្លងមកផងដែរដូចជាវិធានការដោះលែងដែលបានប្រើប្រាស់ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ និងវិធានការនៃការលើកលែងទោស និងបន្ធូរបន្ថយទោសរបស់រដ្ឋាភិបាលដែលធ្វើជារៀង រាល់ឆ្នាំជាដើម។ល។ ទើបអាចធានាបាននូវសន្តិសុខសង្គម និងកាត់បន្ថយការកើនឡើងជា គំហុកនៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ។
*ទី៤៖ ចំណែកឯការដោះលែងអ្នកជាប់ឃុំតាមការអំពាវនាវរបស់អង្គការទាំង២០នេះ ដើម្បីដោះ ស្រាយបញ្ហានៃការឆ្លងកូវវីដ១៩ ក្នុងពន្ធនាគារ ក៏មិនមែនជាវិធានការសមស្របនិងមានប្រសិទ្ធ ភាពនោះដែរ តែផ្ទុយទៅវិញ មានតែវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃការគ្រប់គ្រង ពន្ធនាគារឱ្យបានហ្មត់ចត់នោះទេ ដែលក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានពន្ធនាគារបាននឹង កំពុងអនុវត្ត ទើបជាវិធានការសមស្រប និងអាចធានាបាននូវសន្តិសុខសង្គម និងប្រសិទ្ធភាពនៃ ទប់ស្កាត់ការឆ្លងរាលដាលកូវវីដ១៩នេះក្នុងពន្ធនាគារ។
និងទី៥៖ ការអំពាវនាវដែលផ្ទុយទៅនឹងច្បាប់ និងមានចរិតជានយោបាយបែបនេះ នឹងមិនអាចជួយ ការពារដល់អ្នកជាប់ឃុំទាំងអស់នោះបានទេ តែផ្ទុយទៅវិញ មានតែការចូលរួមក្នុងដំណើរការនីតិ របស់តុលាការទេ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ទើបជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុង ការការពារដល់ក្រុមគោលដៅទាំងនោះ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ៕