ប្រទេសវៀតណាមបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២៥០ករណី» ទៀតនៅថ្ងៃព្រហស្បតិ៍ទី០៣ មិថុនា ឆ្នាំ២០២១

យោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថាក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២៥០ករណីបន្ថែមទៀត ក្នុងនោះ ២៣១នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង ១៩នាក់ទៀតជាករណីនាំចូល។

នៅក្នុងចំណោមករណីសហគមន៍ដែលបានបញ្ជាក់នៅថ្ងៃនេះ មាន១៤៥ករណីត្រូវបានរកឃើញ នៅភាគខាងជើង នៃខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤៤ ករណីនៅខេត្ត Bac Ninh , ៣០ករណីនៅភាគខាងត្បូងទីក្រុងហូជីមិញ និង០៦ករណីនៅរដ្ឋធានីហាណូយ។

ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺចំនួន ៣,០៨៥នាក់បានជា សះស្បើយឡើងវិញ ក្នុងចំណោមករណីឆ្លងសរុប ៨,០៦៣ករណីនៅទូទាំងប្រទេស ក្នុងគ្រាដែរមនុស្សជិត ១៥១,៣០០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាព។

សូមបញ្ជាក់ជូនថា គិតចាប់តាំងពីរលកទី៤ នៃការឆ្លងរីករាលដាលបានផ្ទុះឡើងកាលថ្ងៃទី២៧ ខែមេសាកន្លងទៅ មានករណីឆ្លងសហគមន៍ថ្មីៗសរុបចំនួន ៤,៩៥៥ករណីហើយ ដែលត្រូវ បានកត់ត្រា៕