យោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ ២០២១បានអោយដឹងថា ជាការឆ្លើយទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភ អំពីវត្តមានរបស់យោធាចិននៅក្នុងប្រទេសកម្ពុជា មហាយក្សចិនបាននិយាយថា ទំនាក់ទំនងល្អ របស់ខ្លួនជាមួយប្រទេស កម្ពុជា គឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុង តំបន់យ៉ាងពិតប្រាកដ។
ក្នុងឱកាសជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃអង្គារ៍សប្តាហ៍ នេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តោត សំខាន់ទៅលើការសាងសង់អគារថ្មីរបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។
លោកស្រីបានស្វែងរកការបំភ្លឺជុំវិញការវាយអគារចំនួន២ ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ចំនួន២ នៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លោកស្រីក៏បានលើកឡើងថា មូលដ្ឋានយោធាចិននៅ កម្ពុជា នឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាគំរាមកំហែងដល់សន្តិសុខក្នុង តំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។
ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចេញមុខមកប្រតិកម្មនឹងក្តី កង្វល់របស់អនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកខាងលើភ្លាមៗថា ប្រទេសចិននិង កម្ពុជាមាន «មិត្តភាពជាប្រពៃណី» និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Wang បានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងល្អរបស់ប្រទេសចិន ជាមួយកម្ពុជាគឺបានចូល រួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ គឺមិនដូចអ្វីដែលសហរដ្ឋអាមេរិកកំពុង មានកង្វល់នោះឡើយ។
ទាក់ទងទៅបញ្ហាខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បាន អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមាន មូលដ្ឋានទ័ពចិន។
ការអនុញ្ញាតនេះផងដែរ ក៏បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក តាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយសម្តេច អំឡុងលោកស្រីមកបំពេញ ទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
ទោះជាយ៉ាងនេះក្តី ប្រមុខក្រសួងការពារជាតិកម្ពុជា មិនទាន់បញ្ជាក់អំពីពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធាអាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង នៅឡើយទេ ដោយសម្តេចបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាម នៅពេលឆាប់ៗខាង មុខនេះ៕