នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង ជាសមាជិកឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពត។
ពិធីនេះបានប្រារពធ្វើឡើង នៅសាលប្រជុំសាលាដំបូងខេត្តកំពត ដោយគោរពទៅតាមវិធាន ការសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយមានការចូលរួមពី ឯកឧត្តម ជាវ តាយ គណ:អភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ គណ:អភិបាលខេត្តកែប ព្រមទាំងប្រតិភូក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
តាមព្រះរាជក្រឹត្យ, លោក លាង សំណាត់ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាប្រធាន សាលាដំបូងខេត្តកំពត ជំនួសលោក ឡុង កេសភីរម្យ ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ក៏បានថ្លែងអំណរគុណ ព្រមទាំង កោតសរសើរដល់ អភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរសមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែប តែងតែបានចូលរួមសហការជាមួយសាលាដំបូង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។
ឯកឧត្តម រដ្ឋមន្ត្រី កើត រិទ្ធ បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តទាំងពីរខាងលើ ហើយ ជាពិសេស លោក លាង សំណាត់ ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាព ម៉ឺងម៉ាត់ក្នុង ការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕