ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសណ្ឋាគារ ស៊ីហ៊ូ រីសត

ដោយ News-Places:(03/05/2021).13:30PM

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសណ្ឋាគារ ស៊ីហ៊ូ រីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន ឯ.ក បានឧបត្ថម្ភថវិកាចំនួន ៣០.០០០ដុល្លាអាមេរិក និងម៉ាស ១០០.០០០ម៉ាស ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសណ្ឋាគារ ស៊ីហ៊ូរីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន ឯ.ក បាននាំយកអំណោយមនុស្សធម៌ជាថវិកា និងម៉ាស ឧត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ នេះជាសកម្មភាពចូលរួមនៃការចែករំលែកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺ ឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូល រួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត ម្យ៉ាងទៀតអំណោយទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងមានការឆ្លងរាតត្បាតក្នុងក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្ដមអភិបាល ខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បណ្តាក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕