ក្រសួងត្រៀមចាក់វ៉ាកសាំងកូវី១៩ជូនកម្មករ-និយាជិត ប្រមាណ១០ម៉ឺននាក់ ចាប់ពីថ្ងៃទ៧ មេសា នេះតទៅ

 

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានត្រៀមទុកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនដល់កម្មករ-និយាជិត ប្រមាណ ១០ម៉ឺននាក់ ក្នុងដំណាក់កាលដំបូងដែលនឹងចាប់ផ្តើមចាក់នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ តទៅ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា៖ «គម្រោងនៃការចាក់របស់យើង គឺទៅលើមនុស្សចំនួន ៧៤៥ ០០០ នាក់ ហើយក្នុងនោះចំនួន ១០ម៉ឺននាក់ គឺជាកម្មករ-និយោជិត ដែលយើងបានត្រៀមវ៉ាក់សាំងទុកសម្រាប់ពួកគាត់រួចហើយ ទោះបីជាចំនួននេះ មិនទាន់គ្រប់ដល់ចំនួនកម្មករទាំងអស់ក៏ដោយ តែយើងនឹងផ្តល់ដល់ពួកគាត់ជាបន្តនៅពេលមានវ៉ាក់សាំងមកដល់ពេលបន្ទាប់ទៀត»។

លោកស្រី ឱ វណ្ណឌីន ក៏បញ្ជាក់ផងដែរថា វ៉ាក់សាំង គឺជាកងកម្លាំងសម្រាប់ជួយការពារអាយុជីវិតរបស់មនុស្ស ជួយបង្កើតនូវកងការពារសម្រាប់វាយបកទៅនឹងវីរុសកូវីដ-១៩។ ផលប្រយោជន៍របស់វ៉ាក់សាំងនេះ គឺធំធេងណាស់។ ដូចនេះ ខ្ញុំសុំឱ្យបងប្អូន កម្មករ-កម្មការិនីរបស់យើងយល់ពីបញ្ហានេះ ខណៈនៅបណ្តាប្រទេសនានាគេចង់បានវ៉ាក់សាំងទៅចាក់ណាស់ ចំណែកប្រទេសយើង មានការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺដើម្បីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាគ្មានពីជំងឺកូវីដ ១៩៕