ជនបរទេសដែលកំពុងស្នាក់នៅកម្ពុជានឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ ជនបរទេសដែលកំពុងស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជាទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយមិនគិតថ្លៃ ។ បើតាមក្រសួងការបរទេសកម្ពុជា ការផ្តល់ការចាក់វ៉ាក់សាំងនេះ គឺស្របទៅតាមផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែមកដល់ពេលនេះ ក្រសួងការបរទេស និងក្រសួងសុខាភិបាលកម្ពុជាមិនទាន់បង្ហាញឱ្យដឹងលម្អិតបន្ថែមពាក់ព័ន្ធនឹងកាលបរិច្ឆេទ លក្ខខណ្ឌ និងនីតិវិធីនៃការទទួលបានការចាក់វ៉ាក់សាំងនេះនៅឡើយទេ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ជាភាសាអង់គ្លេស កាលពីថ្ងៃពុធ ម្សិលមិញ ដែលក្រសួងបានជូនដំណឹងដល់ស្ថានបេសកកម្មការទូត និងការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដោយបញ្ជាក់ថា គ្រប់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយមិនគិតថ្លៃ ដែលកម្មវិធីនេះ នឹងធ្វើឡើងស្របពេលនៃការផ្តល់ការចាក់វ៉ាក់សាំងទៅតាមផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា។

ទោះជាយ៉ាងនេះក្តី លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នេះជាកិច្ចការរបស់ក្រសួងសុខាភិបាលកម្ពុជា។ ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ មិនទាន់អាចទាក់ទង ដើម្បីស្នើសុំការពន្យល់បន្ថែមបាននៅឡើយទេ។

គួរជម្រាបថា គម្រោងផ្តល់ការចាក់វ៉ាក់សាំងដល់ជនបរទេសនេះ ធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលកម្ពុជាកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិន ដល់មន្រ្តីរាជការស៊ីវិល ប៉ូលិស យោធា និងអ្នកសារព័ត៌មានកម្ពុជា ដែលជាគោលដៅអាទិភាពនាដំណាក់ការដំបូង៕