បុរសជនជាតិចិនប្រធានអង្គភាពព័ត៌មាន Angkor Today ត្រូវបានបណ្តេញចេញពីកម្ពុជា ដោយសារផ្សាយថា កម្ពុជាលក់វ៉ាក់សាំងជំនួយរបស់ចិន

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច បណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។

ចំណែក លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះដែរ ក៏បានសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មាន អង្គរ ធូដេ (Angkor Today) របស់លោក អ៊ុង គង្គា ក្រោយការផ្សាយព័ត៌មានបំពុលសង្គមថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ។

គួរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អង្គភាពសារព័ត៌មាន អង្គរ ធូដេ (Angkor Today) បានចេញផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ-១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ដែលការចេញផ្សាយនេះ ត្រូវបានក្រសួងសុខាភិបាល ធ្វើការបដិសេធ និោងចោទប្រកាន់ថា បានបង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងខ្លាំង៕