ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ “សូមបងប្អូនកុំគិតថា ឥឡូវនេះកម្ពុជាអត់មានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ផង ទៅភ័យធ្វើអី្វ ? ខ្ញុំសូមបញ្ជាក់ថា ការគិតនេះខុសហើយ ហើយសូមកុំមើលស្រាលលទ្ធភាពនៃការវ៉ៃលុក របស់ជំងឺកូវីដ-១៩ឱ្យសោះ ជាពិសេសនោះគឺវីរុសបំប្លែងថ្មី ដែលទើបរកឃើញថ្មីៗនេះ វានឹងអាចធ្វើឱ្យអ្នកជំងឺវិវត្តទៅរកសេចក្តីស្លាប់បាន ប្រសិនបើបុគ្គលនោះ មិនទទួលបាននូវការពិនិត្យព្យាបាល បានទាន់ពេលវេលា និងមានការថែទាំត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់យើងទេនោះ”។ នេះបើតាមរយៈសារសម្លេងដែលត្រូវបានចែកចាយតាមរយៈបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
ដោយឈរលើមូលហេតុនេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនោះ គឺអភិក្រម ០៣ការពារ (១. ពាក់ម៉ាស ២. លាងដៃ ៣. រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ពី១,៥ម៉ែត្រឡើងទៅ) និង ០៣កុំ ៖ ១. កុំទៅកន្លែងដែលបិទជិទឈឹង កុំទៅកន្លែងដែលគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ៣. កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា។ល។
គួរជម្រាបថា នៅក្នុងបណ្តាប្រទេសអាស៊ានទាំង១០ គិតរហូតមកទល់ថ្ងៃនេះ មានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ ចំនួន ៥១ ៨១៨នាក់ហើយ ដែលក្នុងនោះ គឺមានតែកម្ពុជា និងប្រទេសឡាវ ប៉ុណ្ណោះ ដែលពុំមានអ្នកស្លាប់ ដោយឡែកនៅលើពិភពលោក មានអ្នកស្លាប់រហូតដល់ ២ ៥០៧ ៧៦៨នាក់៕