ករណីកូវីដ-១៩ នៅកម្ពុជា រកឃើញឆ្លងថ្មីចំនួន៤៤នាក់ ក្នុងនោះ៤០នាក់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៤នាក់ថែមទៀត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញ។ ក្នុងចំណោមឆ្លងថ្មី ៤៤នាក់នោះរួមមាន ៤០នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ«ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ ៤នាក់ផ្សេងទៀតគឺជាករណីនាំចូលពីក្រៅប្រទេស។

សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍ ចំនួន ៤០នាក់នេះ រួមមានជនជាតិចិន ចំនួន៣១នាក់, ជនជាតិវៀតណាម ចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ី ម្នាក់។ រីឯអ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ-១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន ២នាក់។ បើសរុបរយៈពេល ៦ថ្ងៃនៃព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» បន្ថែមទៀតនោះ ចំនួនអ្នកឆ្លងវីរុសបានកើនដល់ ២៣៤នាក់។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះ អ្នកជំងឺបានជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងបន្តសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕