រាជរដ្ឋាភិបាល ចេញវិធានការបន្ថែមរឹតបន្ដឹងករណីមិនសហការលើវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសបន្ដចាត់វិធានការយ៉ាងតឹងរឹងជាថ្មីទៀត ចំពោះបុគ្គលដែលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល លើការធ្វើចត្តាឡីស័ក , ការគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ ២៧ អនក្រ.បក ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន។

 

នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ក្នុងលិខិតដដែលនេះ បានកំណត់នូវចំណុច ៣សំខាន់ៗ ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន ៖

*ទី១៖ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។
*ទី២៖ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
*ទី៣៖ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កន្លងទៅថ្មីៗនេះ បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។
សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស។

គិតត្រឹម ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ នៅកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញមានអ្នកឆ្លងរហូតដល់ ២៣៤នាក់៕