ស្ថានទូតជប៉ុននៅកម្ពុជា រៀបចំសប្តាហ៍គីហ្សូណាជប៉ុន-កម្ពុជា២០២១ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នេះ

ភ្នំពេញ ៖ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈ​មណ្ឌល​អាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវសប្តាហ៍គីហ្សូណាជប៉ុន-កម្ពុជា២០២១ ជាអន​ឡាញ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

​ក្នុងនាមមហោ​ស្រពគីហ្សូណា ដែលជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់​តាំងពី​ឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា​ ក៏ដូចជាជំរុញការផ្លាស់ប្តូរ​បន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងសប្តាហ៍គីហ្សូណាជប៉ុន-កម្ពុជា២០២១ នឹង​មានកម្មវិធីវប្បធម៌ និងអប់រំតាមអនឡាញជាច្រើននៅលើទំព័រហ្វេសប៊ុកផ្លូវការ “Japan Cambodia Kizuna” ដូចជាការសម្តែងល្ខោនស្បែកតូច របាំហោមរោងយីកេ ការប្រគំ​តន្រ្តី​ខ្នាតតូចជប៉ុន-កម្ពុជា ការណែនាំស្តីពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន(MEXT) អាហារូប​ករណ៍​អាស៊ីកាកេហាស៊ី វីដេអូថ្នាក់ភាសាជប៉ុនរបស់អ៊ីរ៉ូដូរី “តើភាសាជប៉ុនរបស់​អ្នកដូច​មេ្តចហើយ?” របៀបធ្វើ “ឈិរ៉ាស៊ិ ស៊ូស៊ី” និង“និហ្គិរិ ស៊ូស៊ី” របៀបបត់ក្រដាស អូរីហ្កាមិ ការរៀបចំផ្កាបែបជប៉ុន អ៊ិកេបាណា និងមានកម្មវិធីជាច្រើនផ្សេងទៀត។​

​ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួមនឹង​មានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយ​ប្រទេស​ជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើ​​វប្បធម៌ខ្មែរ និង​ជប៉ុនតាមរយៈការ​ចូលរួមកម្មវិធីនានាជាអនឡាញនេះ៕