លោកឧកញ៉ា ហេង សុវណ្ណា និង លោកជំទាវ ជួបសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋក្រីក្រជិត៣០០គ្រួសារនៅឃុំរាម ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

 

 ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែ កុម្ភៈឆ្នាំ២០២១ លោក ឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ឹន ត្រឹង)សមាជិកក្រុមការងារ គណបក្ស ចុះមូលដ្ឋានក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល ប្រធានក្រុមការងារ កណ្ដាល ថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក ជំទាវ ហ៊ួត ស៊ីថា , លោក ថោង បាន និងអ្នកស្រី។

បាននាំយក ទេយ្យទាន ចែកជូនដល់ជនក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា គ្មានទីពឹងចំនួនជិត ៣០០ គ្រួសារ មកពីភូមិចំនួន៥គឺ៖ ភូមិស្មាច់ដែង, ភូមិរាម, ភូមិថ្មធំ, ភូមិអ៊ុងក្នុង និង ភូមិអ៊ុងក្រៅ ស្ថិតនៅក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ចិន វៀតណាម។

ថ្លែងក្នុងឱកាសននោះដែរ លោកឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ឹន ត្រឹង) បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថ្នាក់ដឹកនាំខេត្ត ទាំង ៤ រូប គឺ៖ ឯកឧត្តម សាយ សំអាល ,ឯកឧត្តម ជាម ហ៊ីម , ឯកឧត្តម គួច ចំរើន និង និង ឯកឧត្តមឧត្តម នាវីឯក អ៊ុក សីហា អគ្គមេបញ្ជា ការ រងកងទ័ពជើងទឹក និង ជាមេបញ្ជាការមូលដ្ឋានសមុទ្រ។ ដែលជានិច្ចកាល ឯកឧត្តមតែងតែសាកសួរសុខទុក្ខចំពោះបងប្អូនជានិច្ច និងជាពិសេស លោក ឧកញ៉ា ហេង សុវណ្ណា បានពាំនាំប្រសាសន៍ការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំការលើ ដោយឡែកបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុង ឃុំ ល្វាលើ នេះផ្ទាល់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។

លោក ឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ឹន ត្រឹង) បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបញ្ហា ជំងឺ Covid-19 លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ដោយឡែកប្រទេសកម្ពុជារបស់យើង កន្លងមកបានព្យាបាល ជាសះស្បើយ អ្នកជំងឺ Covid-19 បាន១០០% ផងដែរ ប៉ុន្តែ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវអនុវត្តទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល។

ថ្លែងនៅក្នុង ពិធីចែកទេយ្យទានដល់ គ្រួសារក្រីក្រ ចាស់ជរា ជនពិការកុមារកំព្រា សត្រីមេម៉ាយគ្មានទីពឹង នៅក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម នេះផងដែរ។

លោក មហា ឧបាសក សុខ ត្រឹង ដែលមានវ័យ ជាង ៨០ ឆ្នាំ និង ជាបិតា របស់ លោកឧកញ៉ា ហេងសុវណ្ណា ហៅ (ហ៊ិន ត្រឹង)បានមានប្រសាសន៍ឲ្យដឹងថា៖ ការប្រារឰពិធីបុណ្យចូលឆ្នាំថ្មីចិន វៀតណាម ត្រូវបានកំណត់ទៅតាមចន្ទគតិចិន ជាហេតុធ្វើឱ្យកាលបរិច្ឆេទប្រែប្រួលជារៀងរាល់ឆ្នាំនៅក្នុងប្រតិទិនសុរិយគតិ។ នៅក្នុងប្រតិទិនសុរិយគតិ កាលបរិច្ឆេទនៃការប្រារឰពិធីចូលឆ្នាំចិន វៀតណាម មានបម្រែបម្រួលជារៀងរាល់ឆ្នាំ ពោលគឺចន្លោះ ថ្ងៃទី២១ ខែមករា ដល់ថ្ងៃ ទី២០ ខែកុម្ភៈ។ ជាទូទៅ ពិធីបុណ្យនេះបានចាប់ផ្ដើមធ្វើឡើងនៅចំថ្ងៃដែលព្រះចន្ទថ្មីបានចាប់ផ្ដើមរះបំភ្លឺលោកិយ។

លោក មហា ឧបាសក សុខ ត្រឹង បានមាន ប្រសាសន៍បន្តថា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ត្រូវបានកត់សម្គាល់ដោយការធ្វើដំណើររបស់សាច់ញាតិទៅសួរសុខទុក្ខបងប្អូន ញាតិសន្ដាន និងមិត្ដភក្ដិរបស់ខ្លួន ដែលការប្រតិបត្ដិបែបនេះគេហៅថា ស្វាគមន៍ឆ្នាំថ្មី អបអរឆ្នាំថ្មី សួស្ដីឆ្នាំថ្មី។ មនុស្សម្នាទាំងឡាយ ត្រូវស្លៀកពាក់ថ្មីៗ ដើម្បីរង់ចាំស្វាគមន៍ឆ្នាំថ្មីចូលមកដល់។ ជាទូទៅពណ៌ក្រហមត្រូវបានគេប្រើប្រាស់ ដើម្បីតុបតែងលម្អ។ មនុស្សចាស់ៗបានធ្វើ អាំងប៉ាវពណ៌ក្រហម មួយកញ្ចប់ផ្ដល់ទៅក្មេងៗ ឬអ្នកដែលមានអាយុតិចជាង។ នៅរយៈពេលប៉ុន្មានថ្ងៃមុនការចូលមកដល់នៃឆ្នាំថ្មី គេបោសសម្អាតផ្ទះសំបែងឱ្យស្អាត សុភាសិតរបស់ អ្នកស្រុកកង់តុង បាននិយាយថា សម្អាតឱ្យអស់ធូលីនៅមុនពេលថ្ងៃចូលឆ្នាំថ្មីមកដល់។ គេមានជំនឿថា ការបោសសម្អាតផ្ទះសំបែងគឺមានន័យថា បោសសម្អាតសំណាងអាក្រក់នៅក្នុងឆ្នាំចាស់ទាំងអស់ និងរង់ចាំទទួលសំណាងល្អនៅក្នុងឆ្នាំថ្មី។ អំបោស និងធុងសំរាម ត្រូវបានគេយកទៅទុកដាក់ឱ្យឆ្ងាយពីភ្នែកនៅក្នុងថ្ងៃដំបូង បើមិនដូចនោះទេសំណាងអាក្រក់នឹងមិនត្រូវបានបោសសម្អាតឱ្យទៅឆ្ងាយនោះឡើយ។ ប្រជាជនខ្លះបានផាត់ពណ៌ក្រហមនៅតាមមាត់ទ្វារ និងបង្អួចផ្ទះដោយយោងទៅតាមជំនឿពីបរមបុរាណ ដើម្បីការពារសត្វចង្រៃកុំឱ្យចូលមករាតត្បាត។ ផ្ទះសំបែង ត្រូវបានតុបតែងបំពាក់ដោយពាក្យពេចន៍ ឬសុភាសិតដែលមានអត្ថន័យល្អៗ។ ការទិញសម្លៀកបំពាក់ថ្មី ស្បែកជើងថ្មី និងកាត់សក់ថ្មីក៏ជានិមិត្ដសញ្ញាបង្ហាញនូវការចាប់ផ្ដើមជាថ្មីដែរ។ ចំពោះអ្នកនិយមគោរព ព្រះពុទ្ធសាសនា និង លទ្ធិតាវ បានបោសសម្អាតអាសនៈជីដូនជីតា កុងម៉ា ហើយគ្រឿងតុបតែងលម្អកាលពីមុនឆ្នាំកន្លងទៅនោះត្រូវបានគេរុះរើ និងដុតចោលមួយសប្ដាហ៍មុនឆ្នាំថ្មីចូលមកដល់ រួចរៀបចំតុបតែងដាក់ជំនួសនូវអាសនៈជីដូនជីតា កុងម៉ា ដែលមានតុបតែងលម្អថ្មី។

ប្រជាជនចិន តែងមានជំនឿដុតក្រដាសជានិមិត្ដរូបបញ្ជូនទៅឱ្យ ទេវតារក្សាចង្ក្រានបាយដែលជាអ្នកចាំកត់ត្រាមុខងារគ្រួសារ។ ទេវតារក្សាចង្ក្រានបាយ គឺជាអ្នកកត់ត្រាពីអំពើអាក្រក់ និងល្អរបស់គ្រួសារនីមួយៗដើម្បីរាយការណ៍ទៅ ព្រះឥន្ទ្រាធិរាជ។

ដូចគ្នានេះដែរ លោកមហា ឧបាសិកា សេង ផុន មានវ័យជាង ៨០ ឆ្នាំនេះដែរ និង ជាមាតា របស់លោកឧកញ៉ា ហេង សុវណ្ណា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ព្រឹត្ដិការណ៍ធំបំផុតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម គឺការបរិភោគអាហារពេលល្ងាចជួបជុំគ្រប់ក្រុមគ្រួសារទាំងអស់។ អាហារពេលល្ងាចនោះគឺជា អាហារដែលផ្សំឡើងពីត្រី។ អាហារនេះ ត្រូវបានគេប្រៀបធៀបទៅនឹងអាហារពេលល្ងាចក្នុង ពិធីបុណ្យណូអ៊ែល របស់ពួកបស្ចិមប្រទេស។ នៅប្រទេសចិនភាគខាងជើង ប្រជាជនមានទម្លាប់ជាប្រពៃណីគឺធ្វើ នំដុត ទុកសម្រាប់បរិភោគនៅពាក់កណ្ដាលរាត្រី។ នំដុត គឺជានិមិត្ដរូបបង្ហាញនូវ ទ្រព្យសម្បត្ដិ ពីព្រោះទម្ងន់នំដុតមានលក្ខណៈដូចទៅនឹង មាសតម្លឹង របស់ចិនយ៉ាងដូច្នោះដែរ។ ចំណែកនៅឯប្រទេសចិនភាគខាងត្បូងឯណោះវិញ ប្រជាជនមានទម្លាប់ជាប្រពៃណីគឺធ្វើ នំព្រះខែឆ្នាំថ្មី ក្រោយពីថ្ងៃទទួលទានអាហារពេលល្ងាចរួចហើយ។ ពួកគេកាត់នំនោះមួយចំណែកធំធ្វើជាអំណោយផ្ញើជូនសាច់ញាតិ និងមិត្ដភក្ដិនៅក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ។ នំនៀនហ្កូវ តាមន័យអក្សរសាស្ដ្រមានន័យថា ឆ្នាំចម្រើនរុងរឿងនឹងចូលមកដល់។ ក្រោយពីទទួលទានអាហារពេលល្ងាចជួបជុំគ្នាហើយ ក្រុមគ្រួសារខ្លះបានធ្វើដំណើរទៅវត្ដអារាមនានា ដែលនៅក្នុងសហគមន៍អស់រយៈពេលជាច្រើនម៉ោង ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើននាឆ្នាំថ្មីខាងមុខ។ ទោះបីជាយ៉ាងណា នៅក្នុងការប្រតិបត្ដិនាសម័យទំនើបនៅតាមផ្ទះសំបែងជាច្រើនបានរៀបចំឱ្យមានពិធីជប់លៀង និងពិធីរាប់ពេលវេលាថយក្រោយរហូតដល់ឆ្នាំថ្មីចូលមកដល់។

លោក វរ:នាវាឯក ថោង បាន សមាជិកក្រុមការងារចុះជួយឃុំរាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ រករបស់ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា អគ្គមេបញ្ជាការរងកងទ័ពជើងទឹក និង ជាមេបញ្ជាការមូលដ្ឋានសមុទ្រ លោក ស្រី បានធ្វើការថ្លែងអំណរគុណ តំបន់លោកឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ឹន ត្រឹង) និងលោកជំទាវ ហ៊ួត ស៊ីថា ព្រមទាំងលោកឪពុកនិងអ្នកម្ដាយ បងប្អូនកូនចៅក្រុមគ្រួសារ របស់លោកឧកញ៉ា និងលោកជំទាវ ទាំងអស់ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពី ជីវិតភាពរស់នៅរបស់បងប្អូន មើលក្នុងស្រុកព្រៃនប់ និងជាពិសេស បងប្អូនប្រជាពលរដ្ឋក្រីក្រលំបាក ដែលមានជីវភាពខ្វះខាត មើលក្នុងភូមិទាំង៥ នៃឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោកឧកញ៉ាតែងតែនាំយកអំណោយ ទៅចែកជូនដល់គ្រួសារក្រីក្រទាំងនោះ ដោយមិនរើសមុខ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោ បាយអ្វីឡើយ ឲ្យតែជាមនុស្សជាតិ លោកឧកញ៉ាជួយទំនុកបម្រុងឧបត្ថម្ភគាំទ្រដល់ពួកគាត់ជានិច្ច។

អំណោយដែលលោកឧកញ៉ា ហេង សុវណ្ណា និងលោក ជំទាវ ហ៊ួត ស៊ីថា នាំយកមកចែកជូននាពេលនេះគឺជាអំណោយផ្ទាល់ ដែលចេញពីទឹកចិត្តដ៏បរិសុទ្ធ របស់ លោក ឧកញ៉ា និង ក្រុមគ្រួសារសុទ្ធសាធ ។ យកមកចែកជូន មានចំនួន ១៩៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ទឹកក្រូច១ដប ពីរលីត្រ មាន ចំនួន២ដប នំធុង១ធុង ក្រម៉ា ១ សារ៉ុង ១ និង ថវិកា ៤០ ពាន់រៀល។

កុមារា កុមារី តូចៗ មានចំនួន ៥០ នាក់ ក្នុងម្នាក់ៗ
ទទួលបានថវិកាចំនួន ១០ពាន់រៀលផងដែរ៕ ដោយ ៖ មនោរាហ៍