ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងតំណាងសមាគមទូកដឹកភ្ញៀវទេសចរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
បើតាមការលើកឡើងពីប្រធានអង្គភាពពាក់ព័ន្ធដូចជាអង្គភាពនគរបាលព្រំដែនទឹក កងទ័ពជើងទឹក ស្នងការខេត្ត ជលផល តំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក បានលើកឡើងថា ចំណុចប្រឈមមានពីរ ទី១. តំបន់កោះខ្យង ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទូកដឹកបន្លែ និងត្រីចេញ-ចូលមកពីកោះត្រល់ (វៀតណាម)។ ទី២. ផែនេសាទ និងផែទំនិញទំនប់រលក ក្រុងព្រះ សីហនុ ប្រជាពលរដ្ឋមកពីប្រទេស ថៃ។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការព្រួយបារម្ភចំពោះពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាង មានដូចជាថៃ និងវៀតណាម។ ម្យ៉ាងទៀតដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ មានការរាតត្បាតជំងឺ កូវីដ-១៩ នៅប្រទេសថៃ និងប្រទេសវៀតណាម ជាប្រទេសមានព្រំប្រទល់គោក និងព្រំប្រទល់ទឹកជាប់ប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុ មិនមានព្រំដែនគោកជាប់ប្រទេសទាំងពីរនេះទេ ក៏ប៉ុន្តែអាចមានប្រជាពលរដ្ឋខ្មែរវិលត្រឡប់មកកម្ពុជា តាមច្រកកំពង់ផែនេសាទរបស់ខេត្តព្រះសីហនុ។ ឯកឧត្ដមក៏បានណែនាំឱ្យកម្លាំងសមត្ថកិច្ចមានដូចជា កងទ័ពជើងទឹក អង្គភាពនគរបាលព្រំដែនទឹក និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតចូលរួមសហការគ្រប់គ្រងផ្លូវទឹកឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការការពារទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងសហ គមន៍របស់យើង។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យើងអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីប្រទេសជិតខាងឆ្លងកាត់តាមច្រកសមុទ្រ (ផែ) ក៏ប៉ុន្ដែតម្រូវឱ្យពួកគាត់ធ្វើចក្តាឡីស័ក រយៈពេល១៤ថ្ងៃ គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិន និងធ្វើការយកសំណាកពីរដង។ ដូច្នេះយើងត្រូវពង្រាយកម្លាំងតាមគោលដៅក្នុងការគ្រប់គ្រងតាមផ្លូវទឹកឱ្យបានល្អ។ ទន្ទឹមនេះ រៀបចំមណ្ឌលចក្តាឡីស័ក សម្រាប់ដាក់ប្រជាពលរដ្ឋដែលវិល ត្រឡប់មកកម្ពុជា តាមច្រកកំពង់ផែនេសាទក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន ក៏បានសម្រេចឯកភាពតាមការលើកឡើងរបស់សមត្ថកិច្ច តាម គោលដៅប្រឈមស្រុកព្រៃនប់ មាន ៤ទីតាំង ក្រុងព្រះសីហនុមាន ២ទីតាំង និងផែស្រុកស្ទឹងហាវ។ ទាក់ទងការល្បាតមានអង្គភាពនគរបាលព្រំដែនទឹក កងទ័ពជើងទឹក មន្ត្រីជលផល និងអង្គភាពពាក់ព័ន្ធ។ ចំពោះមណ្ឌលចក្តាឡីស័ក អាជ្ញាធរខេត្ដក៏មាន ៤ទីតាំង ក្នុងក្រុងព្រះសីហនុ ត្រៀមដាក់ប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេស ថៃ ក៏ដូចជាភ្ញៀវមកតាមច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ។ ក្រៅពីនេះ វិធានការអប់រំដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជលផលត្រូវណែនាំម្ចាស់ផែនេសាទ ប្រជាពលរដ្ឋចូលរួមការពារ ទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ដសង្ឃឹមថា សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនឹងខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាការពាទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ខេត្តរបស់យើង ។
សូមបញ្ជាក់ផងដែរថា ឯកឧត្ដម គួច ចំរើន ក៏បានឧបត្ថម្ភថវិកាដល់អង្គភាពចំនួន៩ ក្នុងខេត្តព្រះសីហនុ រួមមាន អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ វរៈការពារព្រំ ដែនទឹកលេខ២៤០ អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទីបញ្ជារការជួរមុខគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ កងទ័ពជើងទឹកបញ្ជាការការពារកោះឆ្នេរ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងជលផលខេត្ត ដោយក្នុងមួយអង្គភាពទទួលបានថវិកា ១០លានរៀល៕a