ភ្នំពេញ ៖ តាមការគ្រោងទុក នាយករដ្ឋ មន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ទៅ ទទួល វ៉ាក់សាំង កូវីដ -១៩ ឈ្មោះ Sinopharm ដែល ជា ជំនួយ ពី ប្រទេស ចិន ដែលនឹងបញ្ជូនមកដល់ព្រលាន យន្តហោះ អន្ដរជាតិ ភ្នំពេញ នៅ ថ្ងៃ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
ក្នុងជំហានដំបូងនេះ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ មានចំនួន ៦០ម៉ឺនដូស ក្នុងនោះចំនួន ៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង ៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។
ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងមានចំនួន ៦០ម៉ឺនដូសក្នុងជំហានដំបូង ក្នុងនោះចំនួន ៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ វ៉ាក់សាំងនេះ អាចចាក់បានទៅលើមនុស្សដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ចំណែកអ្នកដែល មានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន ។
ព័ត៌មានចុងក្រោយដែលក្រសួងសុខាភិបាលបានបញ្ជាក់នៅយប់ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា ពលរដ្ឋ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវចុះឈ្មោះជាមុនរយ:ពេលពេលមួយសប្តាហ ទើបអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ។
បើតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ នឹងត្រូវធ្វើឡើងដោយឥតគិតថ្លៃនៅតាម មន្ទីរពេទ្យរដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ។ ក្នុងនោះ ពលរដ្ឋគ្រប់ជាន់ថ្នាក់ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ត្រូវទៅចុះឈ្មោះបំពេញបែបបទនៅស្ថាប័នសុខាភិបាល ដែលជាមូលដ្ឋានសម្រាប់ ផ្ដល់ វ៉ាក់សាំង ឬនៅលើវេបសាយថ្មីមួយដែលនឹងដាក់ឲ្យដំណើរការនាថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ ។
សូមជម្រាបថា តាមរយៈការវិវត្តចុងក្រោយនេះ សម្តេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន ដែលធ្លាប់ប្រកាសថា នឹងចាក់វ៉ាក់សាំងមុនគេនៅថ្ងៃទី១០ ខែកុម្ភៈ បានលុបចោលគម្រោងនេះទៅវិញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា មិនអាចចាក់វ៉ាក់សាំងបានព្រោះមានវ័យដល់ទៅ ៦៨ឆ្នាំលើសពីលក្ខខណ្ឌកំណត់របស់វ៉ាក់សាំង ។ វ៉ាក់សាំងឈ្មោះ Sinopharm តម្រូវឲ្យចាក់បានតែទៅលើមនុស្សដែលមានវ័យចន្លោះពី ១៨ ទៅ ៥៩ ឆ្នាំប៉ុណ្ណោះ ៕