សង្គ្រោះសត្វត្រយងញីមួយក្បាលពីអន្ទាក់ព្រានព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់

ខេត្តរតនគិរី ៖ សត្វត្រយងញីមួយក្បាលដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ត្រូវបានជួយសង្គ្រោះជីវិតពីការជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា បច្ចុប្បន្ន សត្វត្រយងយក្ស ដែលត្រូវបានជួយ សង្គ្រោះនេះត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាដោយសហការជាមួយអង្គការ ACCB ដើម្បីជួយមើលថែរក្សានិងព្យាបាលស្នាមរបួសដែលជាប់ អន្ទាក់។

កាលពីខែមករាកន្លងទៅ ក្រុមមន្ត្រីអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំ.ក.សដែលជាប្រភេទសត្វជិតផុតពូជចំនួន ៥សំបុកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរីដែលជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀតដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល»។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត ៦០០ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត។

ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើនក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្សនិងសត្វត្រយងចង្កំកសនេះតាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បានថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងគ្នានេះ សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុតដើម្បីការពារនិងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកសដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងសម្រាប់ការទាក់ទាញភ្ញៀវទេសចរផង។

លោករដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕