ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចទាហានឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ ៨នាក់ បានលួចធ្វើដំណើរមកពីខេត្ត នគរស៊្រីធម្មរាជ និងសុរាត ថានី ព្យាយាមវិលមកប្រទេសកម្ពុជាវិញ នៅបរិវេណ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ។
សារព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា សមត្ថកិច្ចប្រចាំកម្លាំងព្រំដែនក្នុងទឹកដីខេត្ត ស្រះកែវ បានធ្វើការរឹតបន្តឹងដោយធ្វើការត្រួតពិនិត្យការលួចឆ្លងដែនរបស់ពលករខ្មែរក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់កូវីដ-១៩ ដោយបានប្រទះឃើញពលករខ្មែរចំនួន ៨នាក់( ប្រុសទាំងអស់) ខណៈ កំពុងដើរ នៅបរិវេណ ភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។ ក្រោយពីធ្វើការសួរនាំ ទើបដឹងថា ជាពលករខ្មែរ ដែលទើបធ្វើដំណើរមកពីធ្វើការនៅរោងចក្រកៅស៊ូ ក្នុងខេត្ត នគរស៊្រីធម្មរាជ និងខេត្ត សុរាត ថានី ព្យាយាមលួចឆ្លងដែនដើម្បីធ្វើដំណើរត្រឡប់ទៅភូមិលំនៅដ្ឋាន របស់ពួកគាត់នៅប្រទេសកម្ពុជាវិញ ទើបឃាត់ខ្លួនមកសាកសួរនៅទីបញ្ជាការកងរយទាហាន ប្រាន ទី១២០៥។
សូមជំរាបថា ក្រោយពីសមត្ថកិច្ចសួរនាំពលករខ្មែរទាំងអស់ ដែលលួចចេញពីប្រទេសថៃ ក្នុងនោះមានពលករមកពីខេត្តនគរស៊្រីធម្មរាជ ចំនួន ៤នាក់ រួមមាន ១/ ឈ្មោះ៖ ឌុក ផូល អាយុ៤៧ឆ្នាំ ២/ហេង ស្រេះ អាយុ៤៥ឆ្នាំ ៣/ វើន សំបូរ អាយុ៣២ឆ្នាំ ៤/ បូ ថង អាយុ២៤ឆ្នាំ ។
ដោយឡែកពលករខ្មែរដែលមកពីខេត្ត សុរាត ថានី ចំនួន ៤នាក់ ៖ ១/ ជួយ លីន អាយុ២២ឆ្នាំ។ ២/ ធីម អន អាយុ២១ឆ្នាំ ៣/ ចា ភូ អាយុ៤៨ឆ្នាំ។ ៤/ កែវ នី អាយុ២៣ឆ្នាំដែលអ្នកទាំងអស់រស់នៅខេត្តព្រៃវែង ។
ក្រោយពីសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុរួច និងធ្វើចត្តាឡីស័កកូវិដ-១៩ មានកម្ដៅធម្មតា ទើបសមត្ថកិច្ចនាំខ្លួនពលករទាំងនោះ បញ្ជូនទៅឲ្យទាហានកងរយ127 ភូមិណូន ម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីបញ្ជូនឲ្យត្រឡប់ចូលមកកម្ពុជា តាមច្រកត្រួតពិនិត្យអូរបីជាន់បន្ទៀត។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ពួកគេបានជិះរថយន្តដឹកអ្នកដំណើរពីខេត្ត សុរាត ថានី និងនគរស៊្រី ធម្មរាជ អស់ថ្លៃជិះរថយន្តក្នុងម្នាក់ ៤.០០០បាត ដើម្បីមកចុះនៅស្ថានីយ៍ដឹកជញ្ជូន សាយ តៃម៉ី ត្លឹង ឆន់ ក្រុងថេបមហានគរ និងម៉ៅរថយន្តតាក់ស៊ីចំនួន២គ្រឿង ដើម្បីឲ្យជូនមកស្រុកអារញ្ញ ខេត្តស្រះកែវ អស់ថ្លៃរថយន្តក្នុងម្នាក់ ៣.០០០បាត មុនហ្នឹងត្រូវទាហានថៃចាប់ឃុំខ្លួនបាន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ នេះ៕