អាមេរិក ៖ យោងតាមសម្តីរបស់លោកស្រី Molly Rose Tarpey ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់សភាតំណាងរាស្ត្រអាម៉េរិកដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Fox News បានឱ្យដឹងថា លោក Stephen Lynch អ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យនៅរដ្ឋម៉ាសាឈូសេត បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីលោកបានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន ២ដង។
យោងទៅតាមលោកស្រីបានឱ្យដឹងថា លោក Lynch បានទទួលការចាក់វ៉ាក់សាំងជាលើកទីពីរកាលពីប៉ុន្មានសប្តាហ៍មុន ហើយក្រោយមកលោកបានឆ្លងមេរោគកូរ៉ូណាវីរុស។ លោកស្រី Tarpey បានកត់សម្គាល់ថា សមាជិក សមាជិកាសភា គឺមិនមានអាការៈរោគសញ្ញាណាមួយទេ ហើយពួកគេមានអារម្មណ៍ល្អធម្មតា។ នៅពេលនេះ លោកកំពុងស្ថិតនៅដាច់ដោយឡែកពីគេ។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងប្រើប្រាស់វ៉ាក់សាំងចំនួន ២ប្រភេទ ដែលមួយប្រភេទផលិតដោយក្រុមហ៊ុន Pfizer និងមួយទៀតផលិតដោយក្រុមហ៊ុន Moderna សម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ ក្នុងនាមជាអ្នកផលិតវ៉ាក់សាំងនេះ ក្រុមហ៊ុន Pfizer បានព្រមានថា ការចាក់វ៉ាក់សាំងបង្ការជំងឺដែលបណ្តាលមកពីវីរុស SARS-Cov-2 ប៉ុន្តែវាចៀសមិនរួចទេបើមានការឆ្លងដោយខ្លួនឯងនោះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហព័ន្ធសហរដ្ឋអាមេរិកបានឱ្យដឹងថា ជាទូទៅវាត្រូវចំណាយពេលច្រើនសប្តាហ៍ដើម្បីបង្កើតភាពស៊ាំពីមេរោគឆ្លងនេះបន្ទាប់ពីការចាក់វ៉ាក់សាំងរួច។
សារព័ត៌មាន The Epoch Time បានរាយការណ៍នៅមុននេះថា ជនជាតិអាម៉េរិកសរុបចំនួន ៥៥នាក់បានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាវីរុសនេះជាមួយនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីជំងឺកូវីដ-១៩ ជាង ២៦លានករណី ត្រូវបានគេរកឃើញនៅក្នុងសហរដ្ឋអាមេរិក ដោយមានការស្លាប់ប្រមាណជិត ៤៤០.០០០នាក់។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកសម្រាប់សូចនាករទាំងពីរនេះ៕ (ប្រភព Sputnik នីង AKP )