ភ្នំពេញ ៖ កំណើនប្រជាពលរដ្ឋ និងផ្ទៃដីនៅរាជធានីភ្នំពេញ បានធ្វើឲ្យតម្រូវការទឹកស្អាតប្រើប្រាស់កាន់តែមានកើនឡើងខ្ពស់។ រាជធានីភ្នំពេញ នៅខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងរង្វង់ប្រមាណ ១៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ដែលប្រជាពលរដ្ឋជាង៤ម៉ឺនគ្រួសារ កំពុងខ្វះខាតទឹកប្រើប្រាស់។
ថ្លែងនៅក្នុងពិធីបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនវ៉ាងស៊ីរបស់បារាំង ពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ឲ្យបានឆាប់ ដើម្បីជួយដោះស្រាយ ការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ដែលចេះតែរីកធំ និងចំនួនប្រជាពលរដ្ឋកាន់តែកើនឡើង ធ្វើឲ្យតម្រូវ ការប្រើប្រាស់ទឹកកាន់តែច្រើន។ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញមានរហូតដល់ចាង៧០ម៉ឺនម៉ែត្រគួបនៅក្នុងមួយថ្ងៃ គ្រាដែលសមត្ថភាពផលិតបានត្រឹម៦០ម៉ឺនម៉ែត្រគួបក្នុងមួយថ្ងៃ។
ឯ.ឧ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្ត បានឲ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០.០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។
ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន១៥លានដុល្លារអាម៉េរិក។ សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក។ ក្រុមហ៊ុន Vinci Contruction Grands Projects ទទួលបានកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តម្មទឹកស្អាត បាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃជាលក្ខណៈអន្តរជាតិនាឆ្នាំ២០១៩ ហើយនេះក៏ជាការអនុវត្តគម្រោង សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាលើកទី៣ របស់ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ឱ្យ៕