វ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុនចិនចំនួន ៦០ម៉ឺនដូសនឹងមកដល់កម្ពុជានៅក្នុងខែនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា វ៉ា់ក់សាំង កូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូស នឹងមកដល់កម្ពុជានៅក្នុងខែនេះ ហើយ៤០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់។ បើតាមសម្តេច កម្ពុជាបានត្រៀមកន្លែងស្តុកវ៉ាកសាំង រថយន្តដឹកវ៉ាក់សាំង និងគ្រូពេទ្យចាក់វ៉ាក់សាំងរួចរាល់ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅពេលវ៉ាក់សាំងមកដល់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៏ថា កម្ពុជា ត្រៀមវ៉ាក់សាំងចំនួន២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០ភាគរយ គឺប្រមាណប្រជាពលរដ្ឋប្រមាណ១០លាននាក់។ ក្នុងចំណោម ២០លានដូស វ៉ាក់សាំងចំនួន១លានដូស នឹងទទួលពីចិន វ៉ាកសាំងទទួលបានយន្តការកូវ៉ាក់ចំនួន៧លានដូស ដោយកម្ពុជាបញ្ជាទិញ១លានដូសបន្ថែម និងទទួលបានជំនួយពីអូស្ត្រាលី ប្រមាណ៣លានដូស។

ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តក្រើនរំលឹកដល់អាជ្ញាធរខេត្តនៅតាមព្រំដែនត្រូវរៀបចំការធ្វើចត្តាឡីស័កពលរដ្ឋមកពីក្រៅប្រទេសឲ្យ គត់ មត់រយៈពេល១៤ថ្ងៃ ដើម្បីធានាកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៏ជាថ្មី។ សូមជម្រាបថា គិតមកដល់ពេលនេះ ពលករខ្មែរ ចំនួនជាង៧ពាន់នាក់ ដែលវិលត្រលប់មកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក ជាមួយនឹងផ្តល់ប្រាក់ ផ្តល់អាហារ និងកន្លែងស្នាក់នៅផងដែរ៕