ភ្នំពេញ ៖ ចំណូលបានពីប្រេងកាតនៅឈូងសមុទ្រកម្ពុជា នៅមិនទាន់អាចជួយរុញសេដ្ឋកិច្ចឲ្យដើរទៅមុខលឿនរហ័សនោះទេនៅក្នុងដំណាក់ដំបូង ត្បិតចំណូលបានត្រឹម៣០លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់រប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកម៉ិញនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតមកដល់ពេលនេះ រយៈពេល៣៣ថ្ងៃ នៃដំណើរការអណ្តូងរ៉ែទី១ ឈ្មោះ AO1D អាចផលិតប្រេងឆៅបាន១២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ ក្នុងរយៈ ពេល៣៣ថ្ងៃនេះ អណ្តូងរ៉ែទី១ ផលិតបានប្រេងចំនួន៤០៧៨៨បារ៉ែល គ្រាដែលអណ្តូងទី២ បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ២០២១ ហើយកំពុងស្ថិតក្នុងដំណាក់កាល ញែកភក់ និងប្រេង។ សម្តេចបន្តថា តាមការប៉ាន់ប្រមាណកម្ពុជា នឹងអាចផលិតប្រេងបានពី ៧០០០ ទៅ៧៥០០បារ៉ែលក្នុងមួយថ្ងៃ ហើយទំហំនេះ ជាទំហំមួយតូច មិនទាន់ជះឥទ្ធិពលទៅលើសេដ្ឋកិច្ចកម្ពុជានៅឡើយទេ ប៉ុន្តែវាជាការចាប់ផ្តើមដ៏សំខាន់នៃឧស្សាហកម្បប្រេងនៅកម្ពុជា។ គិតមកត្រឹមពេលនេះ កម្ពុជាផលិតប្រេងបាន៤១០៥៦បារ៉ែលប៉ុណ្ណោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា នឹងបន្តចាប់ដៃគូជាមួយក្រុមហ៊ុនវិនិ យោគបរទេសផ្សេងទៀត ដូចជាក្រុមហ៊ុនតូតាល់របស់បារាំង នៅតំបន់ត្រួតគ្នារវាងកម្ពុជា និងថៃ។ កម្ពុជា ថៃ នឹងចរចាគ្នា បូកជាមួយក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគ ដើម្បីឈានទៅការធ្វើអាជីវកម្មនៅពេលខាងមុខ។ កម្ពុជា ក៏នៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងកាតនៅឡើយទេ ត្បិតប្រេងកាតកម្ពុជា មិនទាន់អាចផ្គត់ផ្គង់ទៅតាមតម្រូវការរោងចក្រចម្រាញ់ប្រេងកាតនោះដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ធ្នូ ២០២០កន្លងទៅ កម្ពុជាបានទទួលដំណក់ប្រេងកាតជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយខកខានជាច្រើនឆ្នាំ កន្លងមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា ចំណូលបានប្រេងកាត កម្ពុជានឹងយកទៅវិនិយោគលើវិស័យអប់រំ និង វិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរថែមទៀត។ សម្តេចអះអាងថា ចំណូលប្រេងកាត មិនមែនជាបណ្តាសារនោះទេ តែជាពរជ័យសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស៕