ខឹងថៅកែរោងចក្រមិនបើកលុយបំណាច់ឆ្នាំឲ្យកម្មករផ្ទុះការតវានាំគ្នាបិទផ្លូវរំខានដល់អ្នកដំណើរ

ភ្នំពេញ÷ កម្មករកម្មាការនីរាប់ពាន់នាក់ផ្ទុះការតវានាំគ្នាបិទផ្លូវបង្កឲ្យមានការកកស្ទះជាច្រើនម៉ោង។
ការផ្ទុះការតវារបស់កម្មករខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២១ ស្ថិតនៅចំនុចមុខរោងចក្រយីហោYW តាមបណ្តោយផ្លូវ២១៧ ភូមិព្រែកជ្រៃសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីក្រុមកម្មករដែលផ្ទុះការតវាខាងលើនេះគឺបណ្តាលមកពីថៅកែរោងចក្រកាត់ដេរYW ខកខានមិនបានបើកលុយបំណាច់ឆ្នាំនិងលុយអតីតភាព៥ភាគរយឲ្យពួកគាត់ ដោយក្នុងកិច្ចសន្យាការងាររវាងថៅកែនិងកម្មករនិងបើកលុយបំណាច់ឆ្នាំរយះពេល៦ខែម្តងឲ្យពួករហូតមកដល់ពេលនេះគឺរយះពេលមួយឆ្នាំហើយដែលពួកគាត់មិនទាន់បានទទួលប្រាក់បំណាច់ឆ្នាំទើបពួកគាត់ផ្ទុះការតវាបិទផ្លូវដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះជួយបន្ទាន់អន្តរាគមន៏រកដំណោះស្រាយឲ្យពួកគាត់ផង។

ទោះជាយ៉ាងណាក្តីក្នុងការផ្ទុះការតវារបស់ក្រុមកម្មករប្រមាណ៥៥០០នាក់ខាងលើនេះក៏មានវត្តមានគណ:បញ្ជាការឯកភាពខណ្ឌដង្កោចុះទៅសម្របសម្រួលនិងស្នើរឲ្យកម្មករបើកផ្លូវដើម្បីឲ្យអ្នកដំណើរធ្វើរចរាចរណ៏ទៅវិញទៅមកផងដែរ៕