ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងសារលិខិតផ្ញើជូនអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា នេះថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួនតូច បាន និងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិត ជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ៖ អ្នកសារព័ត៌មានមួយចំនួន បានដើរតួនាទីជាចៅក្រមកាត់សេចក្តីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឱ្យខូចតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ” ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតនាពេលនេះ ដើម្បីផ្ញើជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ក្នុងឱកាសទិវានៃជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលទិវានេះ ធ្លាប់បានរៀបចំធ្វើនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សម្តេចតេជោ ហ៊ុន សែន ក៏បន្តណែនាំដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់ខ្ជួននូវការអនុវត្តអោយបានត្រឹមត្រូវតាមវិជ្ជាជីវៈ និង ច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
គួររំឭកថា ឆ្នាំនេះ គឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលជំនួបលើកទី៤ កាលពីឆ្នាំកន្លងទៅមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង ៥ ០០០នាក់ ដែលជាការជួបជុំដ៏ធំប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាលមជាមួយស្ថាប័នសារព័ត៌មាន ក្នុងគោលបំណងបង្កើនសាមគ្គីភាពនិងពង្រឹងភាពជាដៃគូររវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នសារព័ត៌មាន ដើម្បីលើកស្ទួយសិទ្ធិ សេរីភាព ខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ដែលគាំពារដោយច្បាប់រដ្ឋ និងធានាបាននូវសុខដុមនីយកម្មនៅក្នុងសង្គម ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅកម្ពុជា។
សូមអានខ្លឹមសារសារលិខិតទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម ៖