ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ បានបន្តដំណើរការគម្រោងរៀបចំកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ឱ្យមានជាផ្លូវថ្មើរជើង ប្រព័ន្ធរំដោះទឹក និងដាំស្មៅឱ្យមានពណ៌បៃតង ដើម្បីលើកកម្ពស់សោភណ្ឌភាពបរិវេណអង្គរឱ្យកាន់តែស្រស់បំព្រងថែមទៀត។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកក្នុងកិច្ចការនេះ បានឱ្យដឹងថា ការបន្តគម្រោងនេះ ក៏អាស្រ័យដោយទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២១ ថ្មីៗនេះដែរ។ ដោយមើលឃើញពីហានិភ័យចំពោះប្រាសាទ (រំញ័រនិងការពុកផុយថ្ម) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ចរាចរណ៍) ដែលបង្កដោយការបើកបរយានជំនិះគ្រប់ប្រភេទ លើផ្លូវដែលកៀកខ្លាំងនឹងព្រះលានជល់ដំរី និងក្នុងគោលបំណងលើកតម្លៃបរិវេណនេះ ឱ្យមានលក្ខណៈដើម និងបង្កលក្ខណៈងាយស្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរជាតិអប្សរា បានកែលម្អផ្លូវស្របនឹងប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការដើរថ្មើរជើងវិញ។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងទៀតថា យោងតាមឯកសារប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩០៩ នៅមុខព្រះលានជល់ដំរីនេះ គឺពុំមានស្លាកស្នាមផ្លូវសម្រាប់យានជំនិះចេញ-ចូលនោះទេ។ នៅឆ្នាំ១៩១២ ទើបឃើញមានផ្លូវមួយស្របក្បែរនឹងប្រាសាទសួរព្រ័ត្រ។ រីឯផ្លូវជាប់នឹងព្រះលានជល់ដំរីទើបមានពេលក្រោយ នៅឆ្នាំ១៩២៨ប៉ុណ្ណោះ។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានបញ្ជាក់អំពីទីតាំងដែលត្រូវកែលម្អទាំងស្រុង គឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័ន្ត រហូតដល់ចំណុចមុខព្រះពន្លាស្តេចគម្លង់។ ក្រុមការងារនឹងបិទទីតាំងនេះជាដំណាក់កាល មិនឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឡើយ ហើយកិច្ចការនេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៦ខែខាងមុខ៕