មន្ត្រីប៉េអឹមម្នាក់បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ សង្ស័យរឿងប្រចណ្ឌ

ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថស័ក្តិ ៤កន្លះម្នាក់ បានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនស្រីម្នាក់អាយុជាង ១០ឆ្នាំ ដែលអ្នកជិតខាងបានប្រាប់ថា សង្ស័យបណ្ដាលមកពីរឿងប្រចណ្ឌ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចបានប្រាប់ថា មន្ត្រីកងរាជអាវុធហត្ថរូបនេះ មានឈ្មោះ សេក គឹមសាន អាយុ ៥៩ឆ្នាំ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល ​ផងដែរ​ ។ ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន អាយុ ៣៦ឆ្នាំ​​​​​ មុខរបរនៅផ្ទះ។

តាមប្រភពព័ត៌មានពីអ្នកជិតខាង បានឱ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់ បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុ រយៈពេលច្រើនខែមកហើយ ដោយសង្កេតឃើញថា គ្រួសារនេះ ចេះតែរកាំរកូសជាញឹកញាប់ ទំនងបណ្ដាលមកពីប្ដីតែងតែប្រចណ្ឌប្រពន្ធ ហើយពេលឃើញស្ត្រីជាប្រពន្ធនិយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោទរករឿងថានេះរឿងនោះគ្រប់ពេល។

ប្រភពដដែលបន្តថា បុរសជាប្ដី ធ្លាប់មានប្រពន្ធម្តងរួចមកហើយ ដោយមានកូននៅក្នុងបន្ទុកចំនួន ៥នាក់ ហើយបានមករួមរស់ជាជនរងគ្រោះជាប្រពន្ធក្រោយបានកូនស្រីម្នាក់អាយុ ១៥ឆ្នាំម្នាក់ជាចំណងដៃ ។

ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុ គេមិនដឹងពីមូលហេតុពិតប្រាកដយ៉ាងណានោះទេ ប៉ុន្តែស្រាប់តែឮសូរសំឡេងផ្ទុះអាវុធ ៣ទៅ ៤គ្រាប់ខ្ទរចេញពីក្នុងបន្ទប់របស់គ្រួសារជនរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា និងបាននាំគ្នាចូលទៅមើល ក៏ឃើញប្ដី ប្រពន្ធទាំងពីរនាក់ដេកស្លាប់បាត់ទៅហើយ។

មូលហេតុនៃបាញ់នេះ សមត្ថកិច្ចនិងអ្នកជិតខាង ដាក់ការសង្ស័យ ថា ប្រហែលជាមកពីភ្លើងប្រចណ្ឌហើយមើលទៅ ៕