ខេត្តព្រះសីហនុ ៖ ពិធីបុណ្យឆ្លងឆ្នាំសកលកាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ដ ជិត ៤ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ៣៦,៨៤៨នាក់ កើនឡើង ២៣,៧៣% ធៀបនឹងឆ្នាំ២០១៩ ។ ភ្ញៀវជាតិមាន ៣៥,២៧៨នាក់ កើនឡើង ៥៦,៧៩ភាគរយ ធៀបនឹងឆ្នាំ ២០១៩ និងភ្ញៀវទេសចរបរទេសមានចំនួន ១,៥៧០នាក់ ថយចុះ ៧៨,៤៧ភាគរយ ធៀបនឹងឆ្នាំ២០១៩ ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មាន ០១ជើង មានភ្ញៀវ ២៣នាក់ (ជនជាតិចិន) ។ ភ្ញៀវទេសចរកម្សាន្តតាមកោះនានា ក្នុងខេត្តព្រះសីហនុ មានចំនួន ២,១៣៣នាក់ ថយចុះ ២០,៧៣ ភាគរយ ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៨៥០ នាក់ កើនឡើង ៥,៧១ភាគរយ ធៀបនឹងឆ្នាំ២០១៩ និងភ្ញៀវទេស ចរបរទេស ២៨៣នាក់ ថយចុះ ៦៩,៩២ភាគរយ ធៀបនឹងឆ្នាំ២០១៩ ។
ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ៣០,៦២៣នាក់ កើនឡើង ១៣០,៨៥ភាគរយ ធៀបនឹងឆ្នាំ២០១៩ ។ ភ្ញៀវជាតិមានចំនួន ២៩,២៧៨នាក់ កើនឡើង ១២៨,៤៦ភាគរយ ធៀបនឹងឆ្នាំ ២០១៩ និងភ្ញៀវទេសចរបរទេស ១,៣៤៥នាក់ កើនឡើង ១៩៨,៨៨ ភាគរយ ធៀបនឹងឆ្នាំ២០១៩ ។
ទោះបីជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅទូទាំងសកលលោក ជាពិសេសប្រទេសកម្ពុជា មានករណីឆ្លងក្នុងសហគមន៍ ៣វិច្ឆិកា និង ២៨វិច្ឆិកា ។ រាជរដ្ឋាភិបាលបានធ្វើការគ្រប់គ្រង ទប់ស្កាត់បានទាន់ ពេលវេលា និងបានបិទបញ្ចប់នាពេលថ្មីៗកន្លងមកនេះក្តី ក៏ភ្ញៀវទេសចរក្នុងស្រុកងាកមកលេងកម្សាន្ត ឆ្លងឆ្នាំសកល ២០២០ -២០២១នៅតាមតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុមានចំនួនច្រើន ។ ដោយសារតែខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ម្យ៉ាងទៀតរដ្ឋបាលខេត្តបានរៀបចំឆ្នេរសាធារណ:មានរហូត ដល់ ១៦គីឡូម៉ែត្រ បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្ត រាជធានីមក លេងកម្សាន្តកាន់តែច្រើន ទន្ទឹមនោះហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានរៀបចំកែលម្អរួចរាល់ ខេត្តព្រះ សីហនុ និងកាន់តែមានសោភ័ណបរិស្ថានល្អ មានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើនឡើង ។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសម្អាតអនាម័យទាំងអស់គ្នា នៅពេលហូបរួច ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកទៅដាក់ក្នុងធុងសំរាមដែលរដ្ឋបាលក្រុង ខេត្តបានរៀបចំនៅតាមឆ្នេរ ៕