នី ណាក់ ម្ចាស់ហ្វេសប៊ុកផេកឈ្មោះ Iman-KH ត្រូវបានចាប់ខ្លួន បន្ទាប់ពីបង្ហោះសាររិះគន់រាជរដ្ឋភិបាលជាបន្តបន្ទាប់

ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ នេះ បានចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH បញ្ជូនឡើងតុលាការពាក់ព័ន្ធនិងករណី ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាស់ពាក់អោយមាន់» ។

តាមប្រភពព័ត៌មានពីតុលាការបានឲ្យដឹងថា សំណុំរឿងនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់អោយលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរបន្តតាមនីតិវិធី ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបានប្រាប់ ថា តំណាងអាជ្ញាការក្រោយការសាកសួរបុគ្គលឈ្មោះ នី ណាក់ មានគណនីហ្វេសប៊ុកឈ្មោះ IMan-KH អស់ជាច្រើនម៉ោងនោះ បានសម្រេចចោទប្រកាន់បុគ្គលរូបនេះពីបទល្មើស «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រាទី ៣០៧ នៃក្រមព្រហ្មទណ្ឌ និងបទល្មើស «ជេរប្រមាថមន្ត្រីសាធារណៈ» តាមមាត្រាទី ៤៩៤ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ ថា លោកបានអោយមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ? ។

ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀម ឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។

សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើន សន្និដ្ឋានថា កំពុងឌឺដង ឬផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

គួររំលឹកថា កន្លងមក តាមរយៈផេក Iman-KH គេឃើញបុគ្គល នី ណាក់ នេះ តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គលសំខាន់ៗ និងស្ថាប័នរដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ តែមានម្តងនោះ បុរសរូបនេះ ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារប្រើប្រាស់សំដីរិះគន់ប៉ាតណាប៉ាតណីព្រហើនបែបនេះ ៕