កម្ពុជា-ជប៉ុន ព្រមព្រៀងបើកជើងហោះហើរឡើងវិញដើម្បីបន្តនិរន្តភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងធុរកិច្ច

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនបានឯកភាពគ្នា ក្នុងការបើកជើងហោះហើរ ទៅវិញទៅមកឡើងវិញ ដើម្បីបន្តនិរន្តរភាព និងដំណើរការសេដ្ឋកិច្ច ណិជ្ជកម្មធុរកិច្ច។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបរវាងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយឯក ឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន នាទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២២ ខែសីហានេះ។

ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានស្នើសុំសម្ដេចតេជោ ឲ្យមានការបើកដំណើរ ការឡើងវិញ រវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យមានការហោះហើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច និងធុរកិច្ច។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គាំទ្រឲ្យមានការបើកដំណើរការឡើងវិញជើង ហោះហើរ ពីប្រទេសជប៉ុន មកកាន់កម្ពុជាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយ ដែលជាការធ្វើ ដំណើរទៅវិញទៅមករវាងប្រជាជន នៃប្រទេសទាំងពីរ ដែលនាំដល់ការពង្រីកទំនាក់ទំនងកាន់តែខ្លាំងក្លាថែម ទៀត។ ពិសេសជំរុញដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ សម្ដេចមានប្រសាសន៍បន្ថែមថា ការបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ សម្ដេចស្នើឲ្យមានការហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាណា ដោយការហោះហើរឡើងវិញរបស់ក្រុមហ៊ុននេះ នឹងអាចឲ្យដំណើរការឡើងវិញនៃប្រទេសទាំងពីរ វិលទៅរកភាពធម្មតា ដោយអនុវត្តវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ការហោះហើរឡើងវិញនេះ អាចជំរុញឱ្យមានការកើនឡើងនៃទំហំពាណិជ្ជកម្ម ការវិនិយោគនៃប្រទេសទាំងពីរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន បានសំដែងការអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានចាត់វិធា ន ការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ- ១៩ និងអបអរសាទរចំពោះសម្ដេចតេជោ ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ដែលនាំដល់ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បញ្ជាក់ដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ សម្រាប់កម្ពុជាផងដែរ។ សម្ដេចបានថ្លែងអំណរ គុណចំពោះជំនួយទាំងឡាយរបស់ជប៉ុន ដែលបានជួយដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់ថា មាននិស្សិតកម្ពុជា១៩នាក់ ដែលបានទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ហើយនឹងត្រូវចាកចេញ ទៅសិក្សានៅពេលឆាប់ៗខាងមុខនេះ។ លោកបន្ថែមថា ភាគីជប៉ុនបានសិក្សាចប់សព្វ គ្រប់ហើយ ទៅលើការ សាងសង់កំពង់ផែទឹកជ្រៅ របស់កំពង់ផែក្រុងព្រះសី ហនុ សម្រាប់ធ្វើយ៉ាងណាឲ្យកប៉ាល់ធំៗអាចចូលចតបាន។ ដូច្នេះឯកឧត្តម បានស្នើសុំសម្ដេចតេជោ គាំទ្រចំពោះគម្រោងនេះ។
សម្តេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាជាពិសេសប្រជាជន ពលករ និងនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសជប៉ុនផ្ទាល់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពីរដ្ឋាភិបាលជប៉ុន ដែលបន្តជួយកម្ពុជា ជាពិសេសបន្តជាមួយ នឹងកម្មវិធីអភិវឌ្ឍន៍ផ្លូវការ ODA ដោយរាល់គម្រោងជំនួយអភិវឌ្ឍ ន៍ផ្លូវការរបស់ជប៉ុន គឺមិនមានការពន្យារពេល ឬក៏បញ្ឈប់នោះទេ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា និងជប៉ុន មានប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅកាន់ប្រទេសជប៉ុនប្រមាណ១.២ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកាន់កម្ពុជា វិញជាង៨០០លានដុល្លារអាមេរិក។ ក្នុងរយៈ ពេល០៦ ខែឆ្នាំ ២០២០ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅកាន់ប្រទេ សជប៉ុន មានប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមក កាន់ព្រះរាជា ណាចក្រកម្ពុជា មានជាង ៣០០លានដុល្លារ៕
សំ វណ្ណា