បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០,៧៨៥,៧២៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៥១,៥៤១នាក់ និងជាសះស្បើយឡើងវិញ ១៣,៦៨១,៤៨៦នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៣៥៩,៥៦៣នាក់ ស្លាប់ចំនួន ១៦៩,១១២នាក់ និងជាសះស្បើយចំនួន ២,៨០៤,២៣២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,១៧០,៤៧៤នាក់ ស្លាប់ចំនួន ១០៤,២៦៣នាក់ និងជាសះស្បើយ ២,៣០៩,៤៧៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៣៩៥,៤៧១នាក់ ស្លាប់ ៤៧,១៣៨នាក់ និងជាសះស្បើយ ១,៦៩៥,៨៦០នាក់៕