រដ្ឋមន្ត្រីមហាផ្ទៃហាមដាច់ខាតធ្វើទារុណកម្មទៅលើអ្នកជាប់ឃុំតាមគ្រប់រូបភាព

ភ្នំពេញ ៖ ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានហាមដាច់ខាត មិនឲ្យមន្ត្រីពន្ធនាគារ ធ្វើទារុណកម្មទៅលើអ្នកទោស តាមគ្រប់រូបភាព ដើម្បីធានាសិទ្ធិរបស់អ្នកទោស។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទា រុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅព្រឹកថ្ងៃអង្គារនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម និងត្រូវផ្ដល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរ មានសមត្ថកិច្ចក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូត សេរីភាពស្របតាមនីតិវិធីច្បាប់ជាតិ។

សម្ដេចក្រឡាហោម ស ខេង បានអរគុណការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការជាតិប្រឆាំងទារុណ ដើម្បីចូលរួមទប់ស្កាត់ការធ្វើទារុណកម្ម និងប្រព្រឹត្តកម្មមិនគប្បីផ្សេងៗ សំដៅកសាងព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជានីរដ្ឋ កាន់តែល្អប្រសើរ៕