រឿងរ៉ាវបៀតបៀនកេរ្តិ៍ខ្មាស់រវាងថ្នាក់លើជាមួយថ្នាក់ក្រោមមួយនៅខេត្តកំពង់ធំ កំពុងក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ដកំពង់ធំ ត្រូវបានមន្ដ្រីនគរបាលនារីៗដែលជាកូនចៅ បានរួមគ្នាដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ ស្ដីពីបទបៀតបៀនកេរ្ដិ៍ភេទយ៉ាងធ្ងន់ធ្ងរ។
លោក ផែង វណ្ណៈ បានលើកឡើងក្នុងគេហទំព័រហ្វេសប៊ុករបស់លោកថា ៖ «ត្រីឆ្ដោស៊ីកូនឯង? លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលទើបតែទទួលបានការព្រមានពីសម្ដេចក្រឡាហោម ស ខេង កាលពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែខ្វះការយកចិត្តទុកដាក់គ្រប់គ្រង និងដឹកនាំ ឥឡូវនេះ ត្រូវបានមន្ត្រីនគរបាលជានារីៗនាំគ្នាផ្ដិតមេដៃ ប្ដឹងមកសម្ដេចក្រឡាហោម ស ខេង ជាថ្មីម្ដងទៀតពីបទបៀតបៀនកេរ្តិ៍ភេទធ្ងន់ធ្ងរ។
លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល មិនអាចសុំការពន្យល់ពាក់ព័ន្ធនឹងរឿងនេះបានទេ នៅរសៀលថ្ងៃទី១០ ខែសីហា នេះ។
តាមរយៈលិខិតពីរទំព័រចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានស្នាមមេដៃមន្ត្រីនគរបាលជានារីៗ បានបែកធ្លាយដល់អ្នកសារព័ត៌មានបានរៀបរាប់ថា លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល បានប្រើអំណាចជាមេបៀតបៀនកេរ្តិ៍ខ្មាសចំពោះពួកនាងដែលពួកនាងមិនអាចអត់ទ្រាំបាន៕