រដ្ឋបាលខេត្តបានចុះពិនិត្យនិងរកពិធីដោះស្រាយក្នុងស្ថានភាពស្រូវកំពុងប្រឈមខ្វះទឹក

ខេត្តបន្ទាយមានជ័យ ៖ ក្នុងស្ថានភាពស្រូវវស្សានិងស្រូវសែនក្រអូបកំពុងប្រឈមនិងកង្វះទឹករដ្ឋបាលខេត្តដឹកនាំដោយលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំភូមិ បានចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង រងការខូចខាត និងប្រឈមខ្វះខាតទឹក នៅឃុំចំណោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៥ ខែ សីហា ឆ្នាំម២០២០។

លោក ប៉ាង វណ្ណាសេដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាឆ្នាំនេះដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យតំបន់ដាំដុះដំណាំស្រូវមួយចំនួនបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៤៨ .៨៨២ ហិកតា នៃផ្ទៃដីអនុវត្តន៍បាន ៦៦.០០០ ហិកតា ស្ថានភាពស្រូវខូចខាត ដោយធ្វើការប្រឈមខ្វះខាតទឹកយ៉ាងខ្លាំង ក្នុងស្រុកមង្គលបូរី មានចំនួន ជាង ៧.០០០ ហិកតា។ ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយការណ៍គឺប្រឈមផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត មិនឈានដល់ខូចខាតទាំងស្រុងនោះទេ ។

លោកបានបន្តឲ្យដឹងទៀតថាចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូបនៅតំបន់នេះដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិតជាខូចខាតទាំងស្រុង ដោយឡែកស្រូវវស្សាវិញគឺនៅអាចជួយសង្គ្រោះបានព្រោះមានរយៈពេលវែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួយបូមសង្គ្រោះពីកត្តាផ្សេងៗបាន ។ ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ដើមរដូវវស្សាក្នុងឆ្នាំ២០២០នេះ នៅទីតាំងខាងលើមិនសូវទទួលបានភ្លៀងធ្លាក់ជោគជាំនោះទេ ម្យ៉ាងទៀតដោយសារមើលឃើញពីទិន្នផលទទួលបានពីការធ្វើស្រែបង្កើនរដូវស្រែប្រាំងបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាធ្វើលើស ផែនការដែលទឹកមិនអាចស្រោចស្របបានពីទឹកស្ទឹងមង្គលបូរី។លោកបានឲ្យដឹងបន្តទៀតថាកន្លងមកជំនាញធនធានទឹកខេត្ត សហការជាមួយស្រុក បានចុះដាក់ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រប និងសហការបើកបង្ហូរមកពីស្ទឹងបវេលនិង អាងកំពីងពួយជាដើម នៅស្រុកភ្នំស្រុកក៏បានបើកបង្ហូទឹកពីអាងត្រពាំងថ្មទៅជួយ សង្គ្រោះផ្នែកខាងក្រោមផងដែរ និង ស្រុកព្រះនេត្រព្រះ ។

ដោយមានការណែនាំនិងយកចិត្តទុកដាក់ចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ លោក អភិបាលខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់ការបន្ទាន់ដោយនាំយកគម្រោងអណ្តូងទឹកស្អប់ចំនួន ១៣ គម្រោង ឃួងទៅជោគជ័យ៦ អណ្តូងអាចយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្មជាដើម ។

លោក អ៊ុ រាត្រីបានថ្លែងថា ជាវិធានការដោះស្រាយបន្ទាន់គឺឲ្យអាជ្ញាធរឃុំ ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំស្បៀងបន្ទាន់ និងស្រូវពូជផ្តល់ជូនកសិករ ខ្វះខាត បន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែង ។

ក្នុងឱកាសនោះលោកបានជំរុញដល់ជំនាញធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយ នានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹកឲ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្ករបង្កើនផលរបស់ពុកម៉ែបងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ននេះ ។

លោកបានបញ្ជាក់ទឥតថាក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំង អស់ ដើម្បីដោះស្រាយជូនប្រជាកសិករយើងជាទូទៅក្នុងខេត្ត ដោយឡែកក្នុងស្រុកមង្គលបូរី ទាំងជំនាញធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទ ៕