ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យក្រុងព្រះសីហនុចំនួន ៤៣៦នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជេីញ ចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។
ស្ថិតក្នុងពិធីសំណេះសំណាលដ៏មានសារៈសំខាន់នេះ លោក អុី សុខឡេង អភិបាលក្រុង មានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ពីចំនួនប្រជាការពារទូទាំងក្រុងព្រះសីហនុសរុបចំនួន ៤១១នាក់ (ប្រជាការពារសាលាក្រុងចំនួន ២៨នាក់ សង្កាត់លេខ១ចំនួន ១៧២នាក់ សង្កាត់លេខ២ ចំនួន ១៣នាក់ សង្កាត់លេខ៣ ចំនួន១៦២នាក់ និងសង្កាត់លេខ៤ ចំនួន៣៦នាក់) និងបុគ្គលិកសម្អាតអនាម័យក្រុងចំនួន ២៥នាក់ បានរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ អនាម័យតាមដងផ្លូវ និងអនុវត្តការងារភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានមានមតិសំណេះសំណាល និងលេីកសសេីរពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រជាការពារក្រុង និងបុគ្គលិកអនាម័យក្រុង ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន និងអនុវត្តការងារភូមិ-ឃុំមានសុវត្ថិភាព និងសូមបន្តការខិតខំប្រឹងប្រែងបំពេញការងារទាំងនេះបន្តទៀត។ ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាថែរក្សា ការពារនូវរាល់សមិទ្ធផលទាំងឡាយនៅក្នុងក្រុង និងខេត្តព្រះសីហនុយេីង បន្ទាប់មកឯកឧត្តម ក៏បានផ្តល់ប័ណ្ណក្រីក្រជូនដល់ចៅសង្កាត់ទាំង៤ ដេីម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរៀងៗខ្លួន។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម គួច ចំរើន បានរំលឹកឡើងវិញថា៖ នៅក្នុងខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុកដែលបណ្តាលឱ្យចរាចរណ៍កាន់តែមានភាពមមាញឹក ឯកឧត្តមអភិបាលខេត្តបានជំរុញការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តទាំងមូល ដោយពន្លឿនការសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងខេត្ត ជាពិសេសផ្លូវចំនួន ២៤ខ្សែជាផ្លូវអាទិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីនេះ តាមការគ្រោងទុកពិធីនឹងប្រារព្ធឡើងនៅឆ្នេរឯករាជ្យ។
ឯកឧត្តម គួច ចំរើន បានបន្ថែមទៀតថា៖ បន្ទាប់ពីការបើកការដ្ឋានកាលពី ៨ខែមុន បច្ចុប្បន្នគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ សម្រេចបានមួយចំនួនធំហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្របគ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះថ្ងៃទី១៧ កក្កដា ២០២០នេះ។ ផ្នែកធំៗនៃគម្រោងនេះ សម្រចស្ទើរទាំងស្រុងហើយ រួមមាន ការចាក់បេតុងសម្រចបាន ៩៩,៩២% ការដាក់លូសម្រេចបាន ១០០% ការរៀបខឿនថ្មក្រានីតសម្រេចបាន ៥៩,៩៩% ការរៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងការបំពាក់អំពូលភ្លើងវៃឆ្លាតបាន ១០,៤៥% ហើយ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីអង្គពិធីបានបញ្ចប់ រដ្ឋបាលក្រុង បាន ចែកនូវអំណោយ ទាំងនោះដល់ប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យក្រុងទាំង ៤៣៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកក្រូច ២កេស ត្រីខកំប៉ុង ១យួរ និងថវិកា ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តព្រះសីហនុ៕ដោយមនោរាហ៍