ខេត្តពោធិ៍សាត់ ៖ នារីវ័យ២៨ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារទឹកភ្លៀងហូរធ្លាក់យ៉ាងគំហុកក្នុងជ្រលងជ្រោះនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ ខណៈដែលមកលេងកម្សាន្ត ។ ប្រភពពីសមត្ថកិច្ច ដែលមើលថែរក្សាសុវត្ថិភាពភ្ញៀវនៅតំបន់នោះ បានឱ្យដឹងថា មុខពេលកើតហេតុ មេឃនៅតំបន់នោះស្រទុំ ដោយនៅទីនោះសម្បូរទៅដោយជ្រលងដងអូរ មួយរំពេចស្រាប់តែទឹកក៏ឡើងជន់មកភ្លាមៗតែម្តង។ ខណៈនោះមាននារីម្នាក់ឈ្មោះ នូ រ៉ានាត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងតែថតសែលហ្វី នៅកណ្តាលទីតាំងកើតហេតុ ហើយនៅក្បែរនោះ មានបុរស២នាក់ កំពុងតែហូបបាយ ដោយសារឃើញទឹកហូរកួចខ្លាំង ក៏នាំគ្នាហត់ទៅជួយចាប់ដោយដៃម្ខាងតោងជាប់ខ្សែពួរ រីឯដៃម្ខាងទៀតចាប់ជាប់អាវនារីរងគ្រោះ។ ដោយសារទឹកហូរខ្លាំងពេក ក្នុងចំណោមបុរស ២នាក់នោះ មានម្នាក់បានរួចផុត និងម្នាក់ទៀតបានរបួតដៃធ្លាក់ទៅក្រោមជ្រោះជាមួយនារីរងគ្រោះ និរសាត់តាមអំណាចទឹកហូរកួចខ្លាំងតែម្តង។
ប្រភពដដែលបន្តថា ក្រោយមកសមត្ថកិច្ច និងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍រុករក ភ្លាមនោះ សង្គ្រោះបានបុរសម្នាក់ រួចផុតពីគ្រោះថ្នាក់ ដោយគ្រាន់តែរងរបួសស្រុញក្បាលជង្គង់ខាងឆ្វេង និងចង្កេះ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកនារីរងគ្រោះ បានបាត់ខ្លួនរកមិនឃើញ ។ លុះព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ ពេលតឹកស្រកអស់វិញ ទើបសមត្ថកិច្ចរុករក និងប្រទះឃើញនៅកន្លៀតថ្ម បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ ដឹកជញ្ជូនយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕