​រដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា ករណីឆ្លងជំងឺគ្រុនឈាមបានថមថយវិញហើយ

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃនេះ ថា ស្ថានភាពជំងឺគ្រុនឈាម ក្រសួងអាចគ្រប់គ្រងបានល្អប្រសើរវិញហើយ ប៉ុន្តែក្រសួងនិងមជ្ឈមណ្ឌលជាតិ នៅតែបង្កើនការប្រុងប្រយត្ន័ និងបង្កើនសកម្មភាពចុះចែកថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូលខ្លាជាបន្តបន្ទាប់នៅឡើយ។

ថែ្លងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពីវិធានការបង្ការ និងការពា រជំងឺគ្រុនឈាម នៅទីស្តីការក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ កក្កដានេះ លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងបញ្ជាក់ថា មកដល់ពេលនេះ មិនមែនករណីខ្វះខាតការផ្គត់ផ្គង់សេរ៉ូមសម្រាប់ព្យាបាលជំងឺគ្រុនឈាមនៅតាមមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាពរបស់រដ្ឋនោះឡើយ។ ការអះអាងរបស់អ្នកនាំពាក្យរូបនេះ គឺនៅគ្រាដែលចំនួនអ្នកកើតជំងឺគ្រុនឈាម បានកើនឡើងដល់ជិត២ម៉ឺនករណី និងបានសម្លាប់មនុស្ស២៥នាក់ភាគច្រើនជាកុមារ។ បើតាមលោកវេជ្ជបណ្ឌិត ស្ថានភាពជំងឺគ្រុនឈាមមកដល់នេះ ក្រសួងអាចគ្រប់គ្រងបានល្អប្រសើរ ប៉ុន្តែក្រសួងនិងមជ្ឈមណ្ឌលជាតិ នៅតែបង្កើនការប្រុងប្រយត្ន័ និងបង្កើនសកម្មភាពចុះចែកថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូលខ្លា។

លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបញ្ជាក់ថា មជ្ឈមណ្ឌលបានធ្វើការយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺ គ្រុនឈាម។ ថ្នាំអាបែតជាង១១១ តោនត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ហើយនៅខែក្រោយនឹងបន្តចែកថ្នាំអាបែត១២៩តោនបន្ថែមទៀតជាមួយ នឹងការថ្នាំបាញ់សម្លាប់មូសខ្លាមានជាង១ម៉ឺនលីត្រ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ដែរថា មជ្ឈមណ្ឌលបានផ្តល់សេរ៉ូមជាង៣ម៉ឺនប្លោកទៅដល់មន្ទីរពេទ្យបង្អែក ហើយគ្រោង នឹងផ្តល់សេរ៉ូមចំនួន៧ម៉ឺនប្លោកបន្ថែមទៀតដើម្បីជួយសង្គ្រោះ និងព្យាបាលកុមារ និងមនុស្សធំដែលកើតជំងឺគ្រុនឈាម។

មន្ត្រីជំនាញនៃក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបញ្ជូនកូនៗទៅមន្ទីរពេទ្យបង្អែករដ្ឋ ឲ្យបានទាន់វេលា នៅបេលដែលកូនៗមានស្ថានភាពគ្រុនក្តៅលើសពី៣៩អង្សារឡើងទៅ ដោយមិនទុកឲ្យលើសពី២ថ្ងៃនោះឡើយ។ វិធានការការពារក។ឲ្យមូសខ្លាញីខាំ និងការកម្ទេចជំរកមូសខ្លាគឺជាវិធានការល្អបំផុត សម្រាប់ទប់ស្កាត់ជំងឺគ្រុនឈាម។ តាមការព្យាករណ៏ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុន ឈាមនឹងបន្តកើតមានរហូតដល់សប្តាហ៏ទី៣៧ ទើបអត្រាអ្នកកើតជំងឺគ្រុន ឈានមានការថមថយទៅវិញ៕