រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្តោតលើសុវត្ថិភាពជូនភ្ញៀវ និងអភិវឌ្ឍវិស័យទូកទេសចរណ៍

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំ ពិភាក្សាការងារមួយចំនួនជាមួយ និង ប្រតិបត្តិករទេសចរណ៍ ស្ដីពីការអភិវឌ្ឍន៍សមាគម ទូកទេសចរណ៍។កិច្ចប្រជុំនេះត្រូវ បានប្រព្រឹត្ត ធ្វើឡើង នាព្រឹកថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ នៅសាលប្រជុំ នា សាលាខេត្តព្រះសីហនុ ក្រោម អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្ត ព្រះសីហនុ និង មានការ អញ្ជើញចូលរួមពីម្ចាស់ក្រុមហ៊ុន ប្រតិបត្តិករ ទូកទេសចរណ៍ នានា នៅក្នុង ខេត្តព្រះសីហនុ ។

ថ្លែងនៅក្នុង កិច្ចប្រជុំពិភាក្សា នោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្ព ព្រះសីហនុ បានលើកឡើងថា៖ កិច្ចប្រជុំពិភាក្សានេះ គឺក្នុងគោលបំណងចង់រួបរួមគ្នា ដើម្បីធ្វើការ អភិវឌ្ឍ វិស័យទូកទេសចរណ៍ដែលទាក់ទង ជាមួយនឹងគោលដៅសុវត្ថិភាព ជាចំបង ប្រសិនបើ យើង ផ្ដល់គោលដៅនេះបានច្បាស់លាស់ ធ្វើឲ្យទូកទេសចរណ៍របស់យើងមានការរីកចម្រើន។ ហើយ ភ្ញៀវទេសចរ គេក៏មានជឿជាក់ ហើយគេនឹងធ្វើដំណើរមកលេងកម្សាន្ត នៅខេត្តរបស់ យើង កាន់ តែច្រើនឡើងច្រើនៗព្រោះមានសក្តានុពលនៅតាមកោះ ឆ្នេរ សម្បូរ បែបណាស់។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍បន្ថែមថា៖ លោកចង់អោយទូកទេសចរណ៍ទាំងអស់ រៀបចំ ភ្ជាប់ប្រព័ន្ធ GPRS រួចហើយរៀបចំប្រព័ន្ធចុះឈ្មោះទូកទាំងអស់អោយបានត្រឹមត្រូវ តាមរបៀប បណ្ដាប្រទេសជឿនលឿននៅលើពិភពលោក។ លោកថា ការរៀបចំធ្វើដូច្នេះ គឺទាក់ទងជាមួយ នឹងគោលដៅសុវត្ថិភាពទាំងអស់គ្នា។

ដូចគ្នានេះដែរ លោក ឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ អោយដឹងថា៖ ដើម្បី ប្រមូលផ្តុំនូវបណ្តាក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍ តាមផ្លូវទឹក ក្នុងដំណើរកំសាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យអាជីវករជាម្ចាស់ អាជីវកម្ម ទាំងអស់ រួបរួមសាមគ្គីគ្នា និងសហការកំណត់តម្លៃជាក់លាក់មួយ ដើម្បីអោយអាជីវកម្ម ដំណើរការ បានរលូន និងមានតម្លាភាព ដើម្បីផ្តល់ជាសារៈប្រយោជន៍ដល់ការវិនិយោគ ដល់ផ្នែក សេវាកម្ម ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកចូលរួមសហការជាមួយផ្នែកសាធារណៈ និងការអភិវឌ្ឍន៍ លើវិស័យ ទេសចរណ៍ និងអាចសហការគ្នាជួយដល់បណ្តារក្រុមហ៊ុនណាមួយ ជាសមាជិក ឬក្រុមហ៊ុនផ្សេង ក្តី ដែលបានជួបឧប្បត្តិហេតុ និងគ្រោះថ្នាក់ផ្សេងៗលើផ្ទៃសមុទ្រ ។

លោក ឧកញ៉ា ទៀ វិចិត្រ បន្តថា៖ ជាមួយគ្នានោះ ក៏បានចងក្រងជាលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សំរាប់បងប្អូនអាជីវករទាំងអស់ ក្នុងសមាគមចូលរួមអនុវត្ត ចៀសវាងការប្រកួតប្រជែង ដោយមិន ត្រឹមត្រូវ ក្នុងអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹកនេះ ។ លោក ឧកញ៉ា បានបញ្ជាក់ បន្ថែមថា៖ សមាគម មានសមាជិកចំនួន ១៦ក្រុមហ៊ុន ដែលបានចូលរួម និងបច្ចុប្បន្នមានក្រុមហ៊ុនចំនួន០៧ បានផ្អាក ដំណើរការអាជីវកម្ម ដោយមាន ០១ក្រុមហ៊ុន បានជួបគ្រោះថ្នាក់អគ្គីភ័យបណ្តាលឱ្យឆេះ និងខូច ខាតទាំងស្រុង និង ០១ក្រុមហ៊ុន ទៀត បានជួបគ្រោះថ្នាក់លិចទូក ។

ការចូលរួមអភិវឌ្ឍន៍សមាគមបានចូលរួមលើការអភិវឌ្ឍន៍ និងសំអាតឆ្នេរកោះរ៉ុងតូច ឆ្នេរអូរឈើ ទាល ផងដែរ ។ កិច្ចការសង្គ្រោះ បានជួយសង្គ្រោះទូក ដែលបានជួបគ្រោះថ្នាក់ដូចជា៖ទូក ទេស ចរណ៍ឈ្មោះ សាន់ ធូរ ដែលអគ្គីភ័យបានឆាបឆេះទូកទេសចរណ៍ឈ្មោះ សាន់នី បូត ដែលបាន លិច៕