ទិញអណ្ដើកហ្លួង២ក្បាលតម្លៃ៨០០ដុល្លារប្រគល់ឲ្យក្រសួងបរិស្ថានដើម្បីធ្វើការអភិរក្ស

ខេត្តកោះកុង ៖ អណ្តើកហ្លួងចំនួន ២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង នាពេលកន្លងមកនេះ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា សត្វអណ្តើកហ្លួងជាសត្វកម្រ នៅលើពិភពលោក។

អណ្តើកហ្លួងចំនួន២ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីប្រគល់សត្វអណ្តើកហ្លួងនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយមានវត្តមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ ត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តម បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ ឯកឧត្តមមានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។
លោកស្រី ឡាយ ផុនថេង ដែលបានប្រគល់ពូជអណ្ដើកកម្រនេះដល់ក្រសួងបរិស្ថាន បានឲ្យដឹងថា អណ្តើកហ្លួងចំនួន២ក្បាលនេះ ត្រូវបានលោកស្រី និងក្រុមគ្រួសារទិញពីអ្នកនេសាទក្នុងមួយក្បាលតម្លៃ៤០០ ដុល្លារអាមេរិកក្នុងអំឡុងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងកាលពីចុងសប្តាហ៍មុននេះ។ ប្រជាពលរដ្ឋដែលបច្ចុប្បន្នរស់នៅភ្នំពេញរូបនេះ បានបញ្ជាក់ថា អណ្តើកកម្រចំនួន២ក្បាលនេះ ត្រូវបានអ្នកនេសាទបញ្ចុះបញ្ចូលលក់ឱ្យនៅក្នុងចំណុចចំណតអាហារដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួង នៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានមានប្រសាសន៍ថា អណ្ដើកហ្លួងដែលទទួលបាននេះ លោកនឹងបញ្ជូនទៅ មជ្ឈមណ្ឌលសង្គ្រោះនិងអភិរក្សសត្វល្មូន នៅស្រុកស្រែអំបិល ខេត្តកោះកុង។ លោកក៏បានបន្ថែមទៀតថា អណ្ដើកទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈដែលគេប៉ាន់ស្មានថាវាអាចរស់បានរហូតដល់ទៅ១០០ឆ្នាំ។ អណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការWCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា អណ្ដើកហ្លួងគឺជាសត្វកម្រ និងជិតផុតពូជ ហើយត្រូវទទួលរងការគម្រាមកំហែង ដោយសារការនេសាទ ការប្រមាញ់ខុសច្បាប់ ការបំផ្លាញព្រៃលិចទឹក ជាពិសេសគែការបូមខ្សាច់តែម្ដង។ ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមានកូនអណ្ដើកហ្លួងចំនួន៤៥០ក្បាល ហើយបានស្ថិតនៅក្នុងការចិញ្ចឹមរបស់មជ្ឈមណ្ឌលសង្គ្រោះនិងអភិរក្សសត្វល្មូន នៅស្រុកស្រែអំបិល ខេត្តកោះកុង ខណៈអណ្ដើកស្ថិតក្នុងវ័យជំទង់មាន៨៦ក្បាលនិងត្រូវបានប្រលែងឲ្យទៅរស់ធម្មជាតិវិញ។ អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក៕