បារាំង មិនព្រមនិយាយថានឹងចាប់ខ្លួនលោក ពូទីន ឬក៏អត់នោះទេ ក្រោមដីការបស់ ICC

(ប៉ារីស)៖ បារាំងដែលកំពុងរងសម្ពាធពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនចំពោះដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល មិនព្រម និយាយនោះទេថាតើខ្លួនបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ដែរឬក៏យ៉ាងណា នៅក្រោមដីកាចាប់ខ្លួនដូចគ្នានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីសប្ដាហ៍មុន បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu អតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល និងមេដឹកនាំ យោធាម្នាក់របស់ក្រុមហាម៉ាស ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានប្រព្រឹត្តអំឡុងសង្រ្គាមនៅហ្កាហ្សា។ សមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងនោះមាន ទាំងបារាំងសុទ្ធតែជាសមាជិក ICC ប៉ុន្តែបារាំងកាលពីថ្ងៃពុធកន្លងទៅនេះស្រាប់តែនិយាយថាលោក Netanyahu មានអភ័យឯកសិទ្ធិ ដោយសារតែអ៉ីស្រាអែលមិនមែនជាសមាជិក ICC។

ការកត់សម្គាល់បែបនេះកំពុងបង្កឱ្យមានភាពចម្រូងចម្រាស ដ្បិត ICC ក៏បានចេញដីកាចាប់ខ្លួនលោក ពូទីន ផងដែរពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការចាប់ពង្រត់កុមាររាប់រយនាក់ ចេញពីអ៊ុយក្រែន ទៅកាន់រុស្ស៉ី ខណៈរុស្ស៉ីក៏មិនមែនជាសមាជិក ICC នោះដែរ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា បានកត់សម្គាល់ថា គោលជំហរច្បាប់របស់បារាំងគឺតែមួយ ជុំវិញដីកាចាប់ខ្លួនលោក ពូទីន និងលោក Netanyahu។

យ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរថាតើគោលជំហរនេះមានន័យថាបារាំងនឹងចាប់ ខ្លួនលោក ពូទីន ក្នុងករណីដែលរូបលោកជាន់ទឹកដីបារាំងដែរឬក៏យ៉ាងណា? អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាពាក់ព័ន្ធនឹងលោក ពូទីន និងមនុស្សទាំងអស់ដែលប្រព្រឹត្តបទឧក្រិដ្ឋ គឺគ្មាន ឡើយនិទណ្ឌភាព ដោយពួកគេនឹងត្រូវទទួលខុសត្រូវលើទង្វើដែលបានប្រព្រឹត្ត ហើយថាបារាំងនឹងអនុវត្តតាមច្បាប់អន្តរជាតិនៅក្រោមទិដ្ឋភាពទាំងអស់នៃច្បាប់អន្តរជាតិ។

ប៉ុន្តែ បើតាមអ្នកនាំពាក្យរូបនេះ សំណួរលើអភ័យឯកសិទ្ធិ គឺជារឿងស្មុគស្មាញ ហើយជួនកាល រដ្ឋនីមួយៗមានការយល់ឃើញខុសៗគ្នា៕