(ក្រុងឡុងដ៍)៖ ប្រទេសអង់គ្លេសបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងពិចារណាឡើងវិញ នូវច្បាប់ដែលបង្ខំក្រុមហ៊ុនផលិតរថយន្ត ឱ្យផលិតរថយន្តអគ្គិសនីបន្ថែមទៀត បន្ទាប់ពីឧស្សាហកម្មរថយន្តបានព្រមានថា ផែនការបច្ចុប្បន្ននឹងនាំទៅដល់ការបិទរោងចក្រ និងការបាត់បង់ការងារដោយសារមិនមានតម្រូវការខ្លាំង ពីអ្នកប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ច្បាប់ស្តីពីរថយន្តគ្មានឧស្ម័នកាបូន (ZEV) ដែលជាផ្នែកមួយនៃគោលដៅគ្មានឧស្ម័នកាបូន របស់ចក្រភពអង់គ្លេស ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលអភិរក្សអាណត្តិមុន របស់ចក្រភពអង់គ្លេសតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តលក់រថយន្តអគ្គិសនី ក្នុងសមាមាត្រកាន់តែខ្ពស់ឡើងៗជារៀងរាល់ឆ្នាំ បើមិនដូច្នេះទេនឹងការផាកពិន័យច្រើន។ ច្បាប់នេះចូលជាធរមាននៅដើមឆ្នាំនេះ។
ក្រុមហ៊ុនផលិតរថយន្តបានព្រមានថា តម្រូវការរថយន្តពីសាធារណៈជននូវរថយន្តអគ្គិសនីមិនកើនឡើងទេ ហើយបើគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាលជាបន្ទាន់ទេ ទាំងការងារក្នុងឧស្សាហកម្ម និងគោលបំណងរបស់ចក្រភពអង់គ្លេស ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម កំពុងស្ថិតក្រោមការគំរាមកំហែង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ្នកស្រី Rachel Reeves បាននិយាយថា រដ្ឋាភិបាលបានចាប់ផ្តើមការពិគ្រោះយោបល់មួយ «ដើម្បីពិនិត្យមើលផែនការនេះ ដែលយើងបានទទួលមរតកពីរដ្ឋាភិបាលមុន»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដី របស់អ្នកស្រីរដ្ឋមន្ត្រីខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «វាពិតជាមានសារៈសំខាន់ណាស់ … ដើម្បីធ្វើឱ្យប្រាកដថា យើងទទួលបានតុល្យភាពត្រឹមត្រូវ និង (មាន) ការគាំទ្រត្រឹមត្រូវសម្រាប់វិស័យរថយន្ត ឧស្សាហកម្មរថយន្តនៅក្នុងចក្រភពអង់គ្លេស»។
អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងចង់ឱ្យមនុស្សទិញរថយន្តអគ្គិសនី ប៉ុន្តែយើងចង់រក្សាការងារ យើងចង់រក្សាការវិនិយោគនៅក្នុងចក្រភពអង់គ្លេស ហើយយើងប្តេជ្ញាចិត្តតាមរយៈការពិគ្រោះយោបល់»៕