ចារកម្មអាមេរិកថា ការវាយប្រហារនុយក្លេអ៊ែរទំនងជាមិនកើតឡើងទេ ទោះមានការគំរាមពីលោក ពូទីន

Oplus_131072

(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តរបស់រដ្ឋបាលលោក ចូ បៃដិន អនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ដោយប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក មិនបានបង្កើនហានិភ័យនៃការវាយប្រហារនុយក្លេអ៊ែរឡើយ ហើយការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរក៏ទំនងជានឹងមិនកើតឡើងនោះដែរ ទោះជាមានការសម្លុតគំរាមពី ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពចំនួន៥ ដែលជិតសិ្នទ្ធជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។ ប៉ុន្តែ បើតាមប្រភពទាំងនេះ ដដែល រុស្ស៉ីទំនងជាអាចនឹងបង្កើនការយុទ្ធនាការបង្កការខូចខាតប្រឆាំងនឹងគោលដៅនានានៅក្នុងតំបន់អឺរ៉ុប ដើម្បីបង្កើនសម្ពាធលើលោកខាងលិច ជុំវិញការគាំទ្ររបស់ពួកគេសម្រាប់ ទីក្រុងកៀវ។

គួរបញ្ជាក់ថា រុស្ស៉ី កាលពីសប្ដាហ៍មុន បានបាញ់មីស៊ីលបាលិស្ទីគស៊េរីថ្មីមួយគ្រាប់ លើអ៊ុយក្រែន ខណៈក្រុមអ្នកវិភាគលោកខាងលិចនិយាយថានេះជាសារព្រមានមួយរបស់លោក ពូទីន ផ្ញើទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប។ មីស៊ីលថ្មីនេះក៏មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕