សេចក្ដីរាយការណ៍៖ ប្រតិភូអ៊ុយក្រែន ធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ដើម្បីស្នើសុំជំនួយអាវុធ

(សេអ៊ូល)៖ ប្រតិភូអ៊ុយក្រែនមួយក្រុមដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ដើម្បីស្នើសុំឱ្យ ទីក្រុងសេអ៊ូលផ្គត់ផ្គង់អាវុធ សម្រាប់ការប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ផ្អែកលើការចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង DongA Ilbo នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ បានឱ្យដឹងទៀតថាប្រតិភូអ៊ុយក្រែនបានជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដើម្បីផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។ រីឯកាសែត South China Morning Post ដោយផ្អែកលើ ប្រភពដែលខ្លួនទទួលបាន ក៏បានរាយការណ៍ក្នុងសប្ដាហ៍នេះដែរថាប្រតិភូអ៊ុយក្រែនមួយក្រុម គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដើម្បីស្នើសុំជំនួយអាវុធ។

ប៉ុន្តែ អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបដិសេធទទួលស្គាល់ព័ត៌មានខាងលើ នៅពេលត្រូវបានសាកសួរថាតើប្រតិភូអ៊ុយក្រែនពិតជាបានធ្វើដំណើរទៅដល់ ទីក្រុងស៊េអ៊ូលកាលពីថ្ងៃអង្គារម្សិលមិញ ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េ KBS កាលពីខែតុលាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវនឹងផ្ញើសំណើ លម្អិតមួយទៅកាន់កូរ៉េខាងត្បូង ដើម្បីស្នើសុំការគំាទ្រអាវុធ ក្នុងនោះរួមមានកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស។ កូរ៉េខាងត្បូងមកទល់ពេលនេះបានត្រឹមផ្ដល់ជំនួយធម្មតាប៉ុណ្ណោះ សម្រាប់អ៊ុយក្រែន។ ប៉ុន្តែ ក្រោយមានសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីគាំទ្ររុស្ស៉ី រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹង ពិចារណាលើគ្រប់សេណារីយ៉ូទាំងអស់ពាក់ព័ន្ធនឹងការគាំទ្រអ៊ុយក្រែន៕