Financial Times: រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ

(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោមក្របខណ្ឌនៃការបោសសំម្អាតអំពើពុករលួយដែលបានរាលដាលទៅដល់ មន្ត្រីកំពូលៗក្នុងជួរកងទ័ពរំដោះប្រជាជនចិន PLA។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើសេចក្ដីរាយការណ៍របស់កាសែតអង់គ្លេស Financial Times។

Financial Times នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើអតីត និងមន្ត្រីអាមេរិកបច្ចុប្បន្នដែលបានដឹងពីការស៊ើបអង្កេតខាងលើ។ បើតាម Financial Times ការស៊ើបអង្កេតលើលោក Dong Jun ត្រូវបានធ្វើឡើងជាផ្នែកមួយនៃការបោសសម្អាតអំពើពុករលួយនៅក្នុងរង្វង់យោធា។ ប៉ុន្តែ ខាងក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីទេ នៅពេលត្រូវបានសាកសួរបញ្ជាក់ពី AFP។

ជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិន លោក Dong Jun ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីលោក Li Shangfu ត្រូវបានដកចេញពីតំណែង ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិបានត្រឹម៧ខែ។ ក្រោយមកទៀត លោក Li ត្រូវបានបណ្ដេញចេញពីគណបក្សកុម្មុយនិស្ដចិន សម្រាប់ការប្រព្រឹត្តទង្វើខុសច្បាប់ ក្នុងនោះរួម មានទាំងការទទួលសំណូក។ លោក Li បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ នៅបន្ទាប់ពីលោក Wei Fenghe ត្រូវបានដកតំណែងដោយសារអំពើពុករលួយ។

គួរបញ្ជាក់ថា ចិនបានពង្រីកយុទ្ធនាការបោសសម្អាតអំពើពុករលួយ នៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន PLA កាលពីឆ្នាំ២០២៣ ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុង ខែវិច្ឆិកានេះ បានបញ្ជាឱ្យយោធាចិនបង្កើនកិច្ចប្រឹងប្រែងកម្ចាត់អំពើពុករលួយ និងពង្រឹងសមត្ថភាពត្រៀមលក្ខណៈសម្រាប់សង្រ្គាម៕