ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគារមានសាច់ប្រាក់ងាយស្រួលច្រើនលើសលុប

Oplus_131072

(បាងកក)៖ ជំនួយការទេសាភិបាលធនាគារកណ្តាលថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រព័ន្ធធនាគាររបស់ប្រទេសថៃមានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់ ហើយធនាគារកណ្តាលមិនបានរឹតបន្តឹងការត្រួតពិនិត្យលើការផ្តល់ប្រាក់កម្ចីរបស់ខ្លួនទេ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចីពីសំណាក់របស់ធនាគារនានា។

Oplus_131072

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Sakkapop Panyanukul ខណៈឱ្យដឹងនៅក្នុងអត្ថបទមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារកណ្តាលថៃថា ការសម្រេចចិត្តផ្តល់ប្រាក់កម្ចីរបស់ធនាគារនានានឹងអាស្រ័យលើសមត្ថភាពរបស់កូនបំណុលក្នុងការសងត្រលប់វិញ។

លោកបានបន្តថា ប្រព័ន្ធធនាគារថៃមានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ដែលបានបង្ហាញឱ្យឃើញតាមរយៈប្រាក់បញ្ញើ និងការវិនិយោគរបស់ធនាគារពាណិជ្ជនៅក្នុងធនាគារកណ្តាលថៃក្នុងរយៈពេលកន្លងមក។

លោកបានបន្ថែមថា ប្រាក់បញ្ញើនិងការវិនិយោគទាំងនោះមានចំនួនច្រើនរហូតដល់ពី ៤ ទៅ ៥ពាន់ពាន់លានបាត (១១៥,៦៤ ទៅ ១៤៤,៥៥ពាន់លានដុល្លារ)។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសថៃបានលើកឡើងពីបំណុលគ្រួសារខ្ពស់ថាជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ចដែលមានភាពយឺតយ៉ាវក្នុងការស្ទុះងើបឡើងវិញពីជំងឺរាតត្បាត។ មានការជំរុញឱ្យធនាគារពាណិជ្ជពង្រីកលទ្ធភាពទទួលបានឥណទាន។

លោក Sakkapop បាននិយាយថា វិធានផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវរបស់ធនាគារកណ្តាលត្រឹមតែចែងថា ធនាគារត្រូវតែពិចារណាលើការកំណត់ការបង់រំលស់ដែលសមរម្យសម្រាប់ការចំណាយលើការរស់នៅរបស់កូនបំណុល។

កាលពីព្រឹកថ្ងៃចន្ទ សហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ការផលិតនិងការលក់រថយន្តបានរងផលប៉ះពាល់ដោយតម្រូវការខ្សោយ ដោយសារស្ថាប័នហិរញ្ញវត្ថុបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីសម្រាប់យានយន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕