ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព ស្ញប់ស្ញែងការដឹកនាំរបស់សម្តេចតេជោ នាំប្រទេសចេញពីសង្គ្រាម មកកាន់សន្តិភាព និងការអភិវឌ្ឍ

Oplus_131072

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយលោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួប​សម្ដែង​​ការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

Oplus_131072

ក្នុងជំនួបនេះ លោកប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា លោកបាន​ត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយលោក​បានរៀន​សូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ លោកនឹងចង​ក្រង​ចំណេះ​ដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សា​ទៅថ្ងៃ​ខាងមុខ។ លោក បានបន្ត​ថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេស​កំពុង​អភិវឌ្ឍ ក្នុងការចូល​រួម​កសាង និងថែរក្សាសន្តិភាព គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។

លោកប្រធាន មានប្រសាសន៍ថា គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅពេលនេះ មានទាំងប្រទេសមកពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះ​ប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។ លោកប្រធាន បាន​ថ្លែង​អំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈ​ប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការ​លំបាក​ដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូល​រួម​គាំទ្រ ធម្មនុញ្ញសន្តិភាពសកលផងដែរ។

នៅក្នុងឱកាសនៃជំនួបនោះ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ​សភាប្រពី​ប្រទេសប៉េរូ ប្រធានសភាអាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតីប្រទេសអង់​ហ្គោ​ឡា បានសម្តែងការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ច​ដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ «ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភព​ផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុតសម្រាប់បទពិសោធន៍ក្នុងការ​កសាងសន្តិ​ភាព និងថែរក្សាសន្តិភាពរបស់សម្តេច។

គណៈប្រតិភូទាំង​អស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិត​ជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមក​ចូលរួម អាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ។

លោក លោកស្រី សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់​ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។

លោកប្រធាន GCPT បានលើកឡើងពីការបន្តគាំទ្រគ្នាទៅវិញទៅ​មកនៅក្នុង​ឆាក​អន្តរជាតិ ជាពិសេសនៅពេលខាងមុខនៅពេលដែលមានការធ្វើ​កំណែទម្រង់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ លោកប្រធាន បាន​លើកឡើងថាកន្លងមកមានការជជែកវែកញែក ពីការបញ្ចូលតំណាងប្រទេស​កំពុង​អភិវឌ្ឍទៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលតំណាងឱ្យប្រទេសត្បូង-ត្បូង (South-South Cooperation) ជាដើម។

លោកប្រធាន បានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.នេះ សឹងតែ​មិនអាចដោះស្រាយអ្វីបានដោយសារតែការវ៉េតូ (VETO) ពីប្រទេសមហា​អំណាច​ទាំង៥។

លោកប្រធាន ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ច​ដើម្បី​សន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមក​ចូល​រួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលបំណង​ឱ្យ​ក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ លោកប្រធាន បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវ​សន្តិភាពដូចគ្នា។ លោកប្រធាន ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ​ចំពោះ​ពាក្យ​ពេជន៍ល្អៗអបអរសាទរសម្តេច ក្នុងឱកាសបានទទួលពានរង្វាន់ «សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និងភពផែនដី» ពីក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន។

សម្តេចតេជោ មានប្រសាសន៍ថា លោកប្រធាន និងគណៈប្រតិភូ ដែលបានមកដល់​កម្ពុជា អាចនឹងមើលឃើញថា ជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ក៏ប៉ុន្តែប្រទេស​កម្ពុជា បានឆ្លងកាត់នូវការឈឺចាប់ជាច្រើនណាស់។ សម្តេចតេជោ បានលើកឡើង​ថា ប្រទេសកម្ពូជា ដែលធ្លាប់ជាចក្រភពដ៏រុងរឿងមួយ និងជាប្រទេសធំ បែរក្លាយ​មក​ជាប្រទេសតូច នឹងសឹងតែបាត់បង់ ដោយសារតែជម្លោះផ្ទៃក្នុង ការដណ្តើម​អំណាច និងបែកបាក់ផ្ទៃក្នុង។ សម្តេចតេជោ ក៏បានរំលឹកពីការរីកចម្រើនរបស់​ប្រទេស​កម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ​១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រក្រោម ១០ភាគរយ នៅមុនជំងឺកូវីដ១៩។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ទៅជាប្រទេស​ផលិត​ដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេសការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ។

សម្តេចតេជោ បានបន្តថា ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិត​តំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជា​លំដាប់។ កម្ពុជានឹងសម្រេចគោលដៅចាកចេញពីប្រទេសអភិវឌ្ឍ​តិចតួចនៅ​ឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។

សម្តេចតេជោ បញ្ជាក់ថា រយៈពេល និងគោលដៅនេះ មិនមែនជាគោលដៅ​ដែល​ហួសប្រមាណ មិនអាចសម្រេចនោះទេ។

សម្តេច​តេជោ បានមានប្រសាសន៍ថា ការកែទម្រង់អង្គការសហប្រជាជាតិមិនមែនជារឿងងាយស្រួលនោះទេ សម្តេច បានឮអំពីកំណែទម្រង់នេះជាង២០ឆ្នាំមកហើយ។ សម្តេចតេជោ យល់ឃើញថា IPTP គួរដាក់ចេញនូវវិធានការខ្លះ ដើម្បីធ្វើឱ្យបំណងមានតំណាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអសប ក្លាយជាការពិត។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តរៀបចំកិច្ចប្រជុំ ឬជំនួបបែបនេះ ដែលអាចជាការជួបដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត ដោយយកគម្រូតាម ICAPP ឬG7 G20 តាមក្របខណ្ឌ និងយន្តការដែលយើងមានស្រាប់ដូចជា CDI, IPTP និងតាមរយៈធម្មនុញ្ញសន្តិភាព៕