មេដឹកនាំតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាសម្ព័ន្ធមិត្ត ក្នុងតំបន់ប៉ាស៊ីហ្វិក

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ា​ន់ លោក Lai Ching-te នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែនកោះចំនួន៣ ក្នុងតំបន់ប៉ាស៊ីហ្វិក នៅចុងខែវិច្ឆិកានេះ ដែលជាការធ្វើដំណើរទៅបរទេសលើកដំបូង ចាប់តាំងពី ឡើងកាន់អំណាចមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើអ្នកនាំពាក្យនៃការិយាល័យរបស់លោក Lai Ching-te បានឱ្យដឹងថាលោក Lai នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែនកោះ Marshall Islands Palau និង Tuvalu ដែលជាប្រជាជាតិក្នុងតំបន់ប៉ាស៊ីហ្វិកតែ៣គត់ ស្ថិតនៅក្នុងចំណោមសម្ព័ន្ធមិត្តទាំង១២នៅសេសល់របស់តៃវ៉ាន់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ។ ចិន និងតៃវ៉ាន់បានផ្ដាច់ខ្លួន ពីគ្នា ចាប់តាំងពីឆ្នាំ១៩៤៩។ ក្រុងប៉េកាំងបានអះអាងថាតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ ក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា កន្លងមក ក្រុមមន្ត្រីតៃវ៉ាន់ ធ្លាប់បានឈប់សំចតនៅលើទឹកដីអាមេរិក អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប៉ាស៊ីហ្វិក ឬអាមេរិកឡាទីន ដែលតែងតែធ្វើឱ្យចិនខឹងសម្បារ។ ការិយាល័យ មេដឹកនាំតៃវ៉ាន់ មិនបានបញ្ជាក់លម្អិតពីគម្រោងឈប់សំចតរបស់លោក Lai Ching-te នោះទេ តែមានសេចក្ដីរាយការណ៍ថាមេដឹកនាំតៃវ៉ាន់រូបនេះមានគម្រោងឈប់សំចតនៅរដ្ឋ Hawaii និងកោះ Guam នាឱកាសដែលរូបលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែនកោះ ក្នុងតំបន់ប៉ាស៊ីហ្វិក៕